(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្នសណ្ដាប់ បានថ្លែងកត់សម្គាល់ថា នៅតំបន់អាស៊ានឆ្នាំ២០២២នេះ ចំពោះកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ទើបតែបិទបញ្ចប់ដែលធ្វើឲ្យមតិជាតិ និងអន្ដរជាតិ មានការសាទរអំពីជោគជ័យដ៏ត្រចេះត្រចង់នេះ គឺពិតជាមោទនភាពនិងកិត្យានុភាពនៃប្រជាជាតិខ្មែរយើងទាំងមូល។

ក្នុងនោះអ្វីដែលជាការកត់សម្គាល់ថែមទៀតនោះ គឺសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ដែលបានរៀបចំកាដូជានាឡិកាដៃ ពីស្នាដៃកុលបុត្រខ្មែរដ៏ប្រណិត ជូនដល់មេដឹកនាំអាស៊ាននិងពិភពលោក គឺមាន អគ្គលេខាធិការអង្គការសហប្រជាជាតិកូរ៉េ ជប៉ុន អូស្រ្ដាលី កាណាដា ឥណ្ឌា រុស្ស៊ី ចិន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ ប៉ៃដិន Joe Biden ជាដើម គឺពិតជាបានចារឹកជាប់ស្មារតីមេដឹនាំអាស៊ាន និងពិភពលោកផងដែរ។

អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ យល់ថា ចំពោះទស្សនវិជ្ជាសម្ដេចតេជោ ហ៊ុន សែន ដែលបានឲ្យកុលបុត្រខ្មែរ រចនាផលិតនាឡិកា​ដៃ ​ឆ្លាក់អក្សរ «អាស៊ាន-កម្ពុជា ២០២២» ស្រោបពណ៌ប្រាក់ សរសេរថា «ផលិតនៅកម្ពុជា» ដ៏ប្រណិតដើម្បីផ្តល់​ជាកាដូជូនដល់​មេដឹកនាំ​អាស៊ាន និងពិភពលោកយ៉ាងប្រពៃថ្លៃថ្លានេះ គឺដើម្បីបង្ហាញប្រាប់ដល់មតិជាតិ និងអន្ដរជាតិ ក្នុងអត្ថន័យជានិមិត្ដរូប៣យ៉ាងសំខាន់រួមមាន៖

*ទី១៖ ពីការផ្លាស់ប្ដូរពីម៉ោងរោទិ៍ដែលស្រុកទេសមានសង្រ្គាមមកសន្ដិភាព ដែលបានបាត់បង់ប្រមាណ ៥០០ឆ្នាំមកនេះ គឺបានរកឃើញវិញដោយកុលបុត្រខ្មែរ សព្វថ្ងៃបានធ្វើឲ្យប្រជាជាតិខ្មែររស់នៅយ៉ាងសុខសាន្ដទូទាំងប្រទេស និងមានការអភិវឌ្គ្ឃលើគ្រប់វិស័យ យ៉ាងស្រស់បំព្រង ទោះបីអង្គការសហប្រជាតិបានខិតខំចំណាយកំលាំងទ័ព និងលុយកាក់ប្រមាណ២០០០លានដុល្លារអាមេរិកក៏ដោយ។
*ទី២៖ ពីការផ្លាស់ប្ដូរនៃម៉ោងរោទិ៍ពីការបិទបញ្ចប់ពីCovid-19 មកជាការបើកទីផ្សារទ្បើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានគ្រប់គ្រងនិងទទួលបានជោគជ័យក្នុងការទប់ស្កាត់មេរោគសម្លាប់មនុស្សឥតរើសមុខដ៏ចង្រៃនេះ។
*ទី៣៖ ពីការផ្លាស់ប្ដូរម៉ោងរោទិ៍បុព្វបុរសពីជំនាន់មួយ ទៅជំនាន់មួយដែលត្រូវបន្ដវេនគ្រប់ៗជំនាន់ត្រូវបន្ដថែរក្សាសន្ដិភាព និងត្រូវខិតខំប្រជែងក្នុងការកសាងជាតិបន្តឲ្យកាន់តែខ្លាំងក្លាថែមទៀតតរៀងទៅ។

ក្នុងអត្ថន័យនិមិត្ដរូបទាំងនេះ ចំពោះនាឡិកា ជាឧបករណ៍វាស់ពេលវេលា បង្ហាញពីម៉ោង នាទី និងវិនាទីនៃថ្ងៃដែលយើងកំពុងស្ថិតនៅ នាឡិការោទិ៍ រោទិ៍នាំមនុស្សចេញពីដំណេកដើម្បីកំណត់ពេលចាកចេញពីកន្លែងមួយ ទៅកន្លែងមួយទៀតនៃជីវិតរបស់យើង។ ព្រោះសង្គមមនុស្សជាតិ ក្នុងការ​វាស់​វែង​ពេលវេលា គឺសំខាន់ខ្លាំងណាស់ វាជាមូលដ្ឋានមិនអាចខ្វះបានទាំងក្នុងជីវិតប្រចាំថ្ងៃ ការងារ ពាណិជ្ជកម្ម ការកសាងជាតិ ដំណើរកំសាន្ដ កិច្ចប្រជុំ ឬធ្វើការណាត់ជួបជាដើម ព្រោះបើគ្មានការកំណត់ពេលវេលាដោយនាឡិកាទេ គឺយើងពុំអាចដឹងអំពីអតីត បច្ចុប្បន្ន ឬអនាគត យ៉ាងណានោះឡើយ។

ជាចុងក្រោយលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថាចំពោះនាទ្បិកានេះ បើពោលអំពីប្រវត្ដិវិញ មានតាំងពីសម័យបុរាណ មានការវិវត្ដន៍ជាបន្ដបន្ទាប់ រហូតមកដល់ស.វ.ទី១៤ដល់ទី១៩ នាឡិកាបានក្ល្លាយជាឧស្សាហកម្មពាណិជ្ចកម្ម ត្រូវបានបង្កើតឡើងកាន់តែមានភាពល្អិតល្អន់និងបច្ចេកទេសកាន់តែទំនើបនៅតំបន់អឺរ៉ុប សម្រាប់មនុស្សកាន់តែច្រើនឡើងៗប្រើប្រាស់ក្នុងការឆ្លុះបញ្ចាំងពីវណ្ណៈនៃសង្គម របស់មហាអំណាចអាណានិគមបានជួញដូរនាឡិកា យ៉ាងសកម្ម។ រហូតដល់បច្ចុប្បន្ននាឡិកាដៃបានវិវត្តន៍ជាគ្រឿងអលង្ការ លំអកាយជាទីពេញនិយមសម្រាប់មនុស្សម្នាលើផែនដីយើងនេះ។

ដូច្នេះចំពោះសម្ដេចតេជោ ហ៊ុន សែន កាដូនាទ្បិកាដៃ «អាស៊ាន-កម្ពុជា២០២» ដ៏ប្រណិតស្របតាមច្ចេកវិជ្ជាពិភពលោកដ៏អស្ចារ្យនេះ ដើម្បីជូនដល់មេដឹកនាំអាស៊ាន និងពិភពលោកប្រកបដោយភាពសិទ្ធិស្នាល និងមានក្តីសោមនស្សរីករាយនេះ ធ្វើឲ្យគេនឹកស្រមៃដល់ចក្រភពរ៉ូមនូវចំណេះដឹងនៃសូចនាករពេលវេលាដ៏សំខាន់បំផុតនៅក្នុងយុគសម័យកណ្តាលគឺម៉ោងរោទិ៍ ជាបន្លឺកណ្តឹងនៅក្នុងទីក្រុង និងតួប៉មព្រះវិហារនៅតំបន់អឺរ៉ុប គឺជាសំឡេង​ម៉ោងរោទិ៍ពីការងើបទ្បើងវិញ Renaissance (Rinascimento)នៃអាណាចក្ររ៉ូម ដើម្បីដាស់ទាំងអាណាចក្រ និងសាសនា ពីការថែរក្សាសន្ដិភាព និងម៉ោង​សូត្រធម៌​នៅ​ក្នុង​ទីវត្ត​អារាម​ ឬ​ព្រះវិហារ៕