(ភ្នំពេញ)៖ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ រួមនឹងការរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា បានបញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយប្រមូលធាតុចូលល្អៗបន្ថែម ដែលអាចបន្តជាមូលដ្ឋានដល់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែគ្រប់ជ្រុងជ្រោយស្របតាមបរិបទក្នុងប្រទេស។
វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា ប្រព្រឹត្តឡើងនាថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម និងស្ថាប័នពាក់ព័ន្ធដទៃក្នុងវិស័យឯកជន សរុបប្រមាណ ៣៩០ រូប។
វេទិកានេះមានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដោយកៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធ មកជួបជុំគ្នា ស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់ពីនិន្នាការនិងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈម នានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះ ព្រមទាំងសម្រប និងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងពីសក្ដានុពលដ៏ខ្ពស់របស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការជំរុញសេដ្ឋកិច្ចជាតិ តំបន់ និងសកល ស្របពេលដែលសន្ទុះឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា ទាំងវិស័យធនាគារ និងមិនមែនធនាគារ សម្រេចបានកំណើនខ្លាំងក្លា ជាមួយនឹងការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ ដូចជា Blockchain ឬ Distributed Ledger ជាដើម។
លោក បានបន្តថា «ស្ថាប័នហិរញ្ញវត្ថុណាដែលចាប់យក និងប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុបានលឿន និងមុនគេ ពិតជាអាចប្រែក្លាយវិបត្តិឱ្យទៅជាឱកាសថ្មីក្នុងការពង្រឹង និងពង្រីកសេវារបស់ខ្លួនកាន់តែខ្លាំង និងមានភាពធន់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ»។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការចូលរួមយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក្នុងការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
ក្នុងរយៈពេលបីថ្ងៃនៃវេទិកានេះ មានបទបង្ហាញចំនួន ១២ ដែលផ្ដោតលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជានិងអាស៊ាន, សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, ឌីជី-ថលូបនីយកម្មនៃសេវាធនាគារ, ខេ អេច ឃ្យូ អរ (KHQR) និងបាគង (Bakong), Open Banking, បច្ចេកវិទ្យាធានារ៉ាប់រង, សន្តិសុខសាយប័រក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការដាក់ដំណើរការថ្នាល Cambodia Distributed Ledger (CamDL), និងការយល់ដឹងពី Web 3.0។ ក្រៅពីនេះ វេទិកាក៏មានកិច្ចពិភាក្សាចំនួន ៥ ដែលជជែកលើចលនាបច្ចេកវិទ្យាហិរញ្ញវត្ថុមួយប្រចាំអាស៊ាន, ឌីជីថលូបនីយកម្មក្នុងវិស័យធនាគារនិងធនធានមនុស្ស, សក្ដានុពលនៃបច្ចេកវិទ្យាធានារ៉ាប់រង, ការគំរាមកំហែងសាយប័រក្នុងទីផ្សារហិរញ្ញវត្ថុ, និងការកសាងសេវាហិរញ្ញវត្ថុថ្មីតាមរយៈ Web 3.0។
លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានថ្លែងថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងសមាគមនានា សូមគិតគូរពិចារណាលើចំណុចពាក់ព័ន្ធសំខាន់ៗចំនួន ៣ គឺ (១) កសាងចលនាឧស្សាហកម្មហិរញ្ញវត្ថុជុំវិញបច្ចេកវិទ្យាដែលនាំទៅការផ្លាស់ប្ដូរអតិបរមា, (២) ជំរុញនវានុវត្តន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុ តាមរយៈការកសាងទីផ្សារមួយដែលសក្ដិសមនឹងនវានុវត្តន៍ទាំងនោះ, ព្រមទាំង កសាងគោលការណ៍សមភាពរវាងក្រុមហ៊ុនធំ និងធុរកិច្ចថ្មី ឬអាជីវកម្មធុនតូច»៕