(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអះអាងថា រុស្ស៉ី មិនមានហេតុផលណាមួយដែលត្រូវខឹង ឬជំទាស់ចំពោះការទទួលយក អ៊ុយក្រែន ជាសមាជិក TAC របស់អាស៊ាននោះទេ ហើយអាស៊ានខ្លួនឯងក៏មិនមែនជាកូនជឹងនរណា ហើយក៏មិនខ្វល់ថា នរណាខឹងចំពោះការបញ្ចូលសមាជិកភាពនេះឡើយ។
ការលើកឡើងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងក្រោយពេលអាស៊ាន ទទួលយកអ៊ុយក្រែន ជាសមាជិក TAC នៅក្នុងកិច្ចប្រជុំកំពូលនេះ។
TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខា ក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាស៊ានមិនខ្វល់អ្នកណាខឹងអ្នកណាទេ យើងទទួលយកស្មើៗគ្នា យើងស្ថិតនៅភាពកណ្ដាល ដូច្នេះយើងទទួលយកអ៊ុយក្រែន។ មិនមែនធ្វើអាស៊ានដើម្បីបម្រើឲ្យរុស្ស៉ី ឬធ្វើអាស៊ានបម្រឲ្យអ៊ុយក្រែននោះទេ យើងធ្វើអាស៊ានដើម្បីទាក់ទងឲ្យដៃគូទាំងអស់។ ខ្ញុំគិតថារុស្ស៉ី ក៏គ្មានហេតុផលណាាដើម្បីប្រឆាំងជំទាស់ជាមួយនឹងការដែលអាស៊ានទទួលយកអ៊ុយក្រែន»។
ក្រៅពីអ៊ុយក្រែន ក្នុងឆ្នាំ២០២២នេះ អាស៊ានទទួលបានសមាជិក TAC បន្ថែមរហូតដល់៧ប្រទេសឯណោះ ក្នុងនោះអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កន្លងទៅមាន ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ក៏បានក្លាយជាសមាជិក TAC ផងដែរ។
ភ្ជាប់ជាមួយការលើកឡើងខាងលើ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ អាចនិយាយបានថា ជាលើកទី១ហើយដែលអាស៊ានទទួលបានសមាជិក TAC បន្ថែមរហូតដល់៧ ពោលច្រើនជាងបណ្ដាឆ្នាំផ្សេងៗ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញនូវមូលហេតុ២សំខាន់ៗ រួមមាន៖
*ទី១៖ ដៃគូខាងក្រៅមើលឃើញកាន់តែខ្លាំងអំពីតួនាទី និងសារៈសំខាន់ដែលត្រូវតភ្ជាប់ជាមួយអាស៊ាន។ ចំណុចនេះមូលហេតុដោយអាស៊ានខ្លួនឯង ពង្រឹងតួនាទីរបស់ខ្លួនកាន់តែខ្លាំង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាប្រទេសក្រៅតំបន់ចង់ចូលរួមក្នុងក្របខ័ណ្ឌសន្ធិសញ្ញាជាមិត្តភាព និងសហប្រតិបត្តិការផង និងចង់ចូលរួមជាដៃគូសន្ទានតាមវិស័យ, លើកកម្រិតជាដៃគូយុទ្ធសាស្ដ្រ ឬចង់ធ្វើកិច្ចការជាមួយអាស៊ាន។
*ទី២៖ កត្តាពេលវេលា៖ រយៈពេលបីឆ្នាំកន្លងទៅនេះ ប្រទេសនានាសុទ្ធតែរងគ្រោះដោយវិបត្តិជំងឺកូវីដ១៩ ខកខានប្រជុំដោយផ្ទាល់ទាំងនៅប្រទេសវៀតណាម និងព្រុយណេ ដូច្នេះឱកាសប្រជុំដោយផ្ទាល់នៅប្រទេសកម្ពុជានេះហើយ បណ្ដាប្រទេសទាំងអស់នោះមានឱកាសដើម្បីមកចុះហត្ថលេខានៅរាជធានីភ្នំពេញតែម្ដង។
គួរជម្រាបថា បច្ចុប្បន្នសមាជិកសន្ធិសញ្ញានេះមានចំនួន ៤៩ប្រទេសហើយ។ សមាជិកកើនដល់៥០ បន្ទាប់ពីអ៊ុយក្រែន បានចុះហត្ថលេខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២៕