(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានសម្តែងការសោកស្តាយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គី ឡារ៉ូវ (Sergey Larov) និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) មិនបានជួបសន្ទនាគ្នា នៅរាជធានីភ្នំពេញ ដើម្បីចរចារកដំណោះស្រាយបញ្ហាវិបត្តិសង្គ្រាម រវាងប្រទេសទាំង២នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន សម្តេចបានផ្តួចផ្តើម ចង់ឲ្យមានការជួបសន្ទនាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដែលមានវត្តមាននៅកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន នៅភ្នំពេញ ប៉ុន្តែភាគីទាំង២ មិនបានជួបគ្នានោះឡើយ។
ការថ្លែងរបស់សម្តេចតេជោធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាននាវិមានសន្តិភាព ដើម្បីបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អំពីគំនិតផ្តួចផ្តើមអ៊ុយក្រែន ខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា ឯកឧត្តមគួរពិចារណា មើលទាន់រដ្ឋមន្ត្រីការបទេសរុស្ស៊ី មកដល់ទីក្រុងភ្នំពេញ គួរមានការជួបសន្ទនាគ្នា បើទោះបីបានលទ្ធផល ឬមិនបានលទ្ធផល វាក៏ជាការបង្ហាញនូវកាយវិការ នៃការសន្ទនាប្រកបដោយការស្ថាបនា ក៏ប៉ុន្តែជាការគួរឲ្យសោគស្តាយ ដែលទាំងរុស្ស៊ី និងអ៊ុយក្រែន គឺមិនបានជួបគ្នាណាមួយកើតឡើង នៅទីក្រុងភ្នំពេញនោះទេ ហើយយើងពិនិត្យក្នុងគំនិតផ្តួចផ្តើម ក្នុងការសន្ទនានានា គឺយើងមិនទាន់ឃើញមានសញ្ញា ជាក់លាក់ណាមួយទាក់ទងជាមួយដំណើរការសន្តិភាពទេ តែមានលេចឡើងទាក់ទិនការ រកវិធីដោះស្រាយបញ្ហាការដឹកជញ្ជូនគ្រាប់ធុញ្ញជាតិ និងជី ចេញពីអ៊ុយក្រែន»។
សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា «គំនិតផ្តួចផ្តើមជាក់លាក់ទាក់ទងនឹងការចរចារវាងរុស្ស៊ី-អ៊ុយក្រែន ដូចជាមិនទាន់មាន ព្រោះយើងមើលឃើថាអ្នកទាំងសងខាង ហាក់ដូចជានៅសង្ឃឹមលើការវាយគ្នាយកឈ្នះ យកចាញ់នៅឡើយ ដូច្នេះស្ថានភាពនេះហាក់ដូចជាកំពុងតែសង្ឃឹមទៅលើការប្រើអាវុធ ជាជាងការប្រើប្រាស់ការចរចា»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ សម្តេចបានលើកឡើង ពីបញ្ហានៃការដឹកជញ្ជូនស្រូវសាលី និងការដឹកជញ្ជូនជី ចេញពីប្រទេសអ៊ុយក្រែនផងដែរ ព្រោះនៅប្រទេសនោះជាកន្លែងផលិតស្រូវសាលី និងជី ប្រសិនមិនអាចដឹកជញ្ជូនចេញបានទេ បង្កើតទៅជាវិបត្តិស្បៀង។
សូមជម្រាបថា សង្គ្រាមបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយការឈ្លានពានពីសំណាក់ប្រទេសរុស្ស៉ី លើកទ័ពវាយយកទឹកដីភាគខ្លះនៃប្រទេសអ៊ុយក្រែន។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ខែមកហើយ ដែលសង្គ្រាមនេះមិនទាន់បញ្ចប់ឡើយ បង្កឲ្យមានវិបត្តិស្បៀងអាហារ និងថាមពលនៅលើពិភពលោក៕