(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសសើរចំពោះការរៀបចំយន្តការរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពេញចិត្តចំពោះកម្លាំងសន្តិសុខសមត្ថកិច្ចកម្ពុជា ដែលការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន និងពិភពលោក ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅកម្ពុជាបានយ៉ាងល្អ និងមានសុវត្ថិភាព។
ការកោតសសើរ និងសម្តែងការពេញចិត្តដល់កម្លាំងសន្តិសុខ សមត្ថកិច្ចកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេចធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះពិតជាកិត្តិយស និងមោទនភាពដ៏ធំធេងសម្រាប់កម្ពុជា និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយភាពជោគជ័យ ដោយត្រចេះត្រចង់។
ឆ្លៀតក្នុងឱកាសនៃការជោគជ័យការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសសើរ និងអរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលផ្តល់នូវការយោគយល់ ដែលបានជួយដល់កិច្ចសហការសម្រាប់ការចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានការពេញចិត្តជាមួយនឹងកម្លាំងសន្តិសុខ របស់យើងដែលមានសមត្ថភាពគ្រប់គ្រាន់ ការពារជាមួយថ្នាក់ដឹកនាំពីចម្ងាយមកកាន់ប្រទេសរបស់យើងប្រកបដោយសុវត្ថិភាព ហើយឆ្នាំនេះ ខ្ញុំពិតជាមានមោទនភាពជាមួយយន្តការដែលបានបង្កើតសម្រាប់បម្រើឱ្យការប្រជុំអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ ដែលដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា បងប្អូនបានធ្វើការងារយ៉ាងល្អណាស់ដែលនេះគឺជាការបង្កើននូវសមត្ថភាពពីមួយឆ្នាំ ទៅមួយឆ្នាំ តាមរយៈនៃការធ្វើឱ្យកើនឡើងនូវចំនួនកិច្ចការជាទម្ងន់ដែលត្រូវទទួល ដែលអាចចាត់ទុកថាជាទម្ងន់ដែលលំបាក ជាមួយនឹងពេលវេលាក្នុងរយៈពេលកន្លងទៅនេះ ប៉ុន្តែ យើងបានរាប់រងភារកិច្ចនេះរួចស្រេចទៅហើយ»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្វាយការជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ និងប្រជាជនកម្ពុជានៅទាំងប្រទេស ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើប្រធានអាស៊ានមិនស្រួលនោះទេ ប្រសិនបើគ្មានរដ្ឋមន្រ្តីការបរទេសវៃឆ្លាត បើគ្មានជំនួយការវៃឆ្លាត ដូច្នេះ តាមការរៀបចំកិច្ចប្រជុំកំពូលអាស៊ានជោគជ័យនាពេលនេះ ដោយសារតែកម្ពុជា មន្ត្រីដែលមានសមត្ថភាព។
សូមជម្រាបថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់មេដឹកនាំអាស៊ាន តំបន់ និងពិភពលោក កម្ពុជាបានដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ១២,០០០នាក់ ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូមួយចំនួនទៀតដូចជា៖ នគរបាលអន្តរជាតិ (Interpol) នគរបាលក្នុងតំបន់អាស៊ាន ការិយាល័យស៊ើបអង្កេតអាមេរិក (FBI) នគរបាលសិង្ហបុរី នគរបាលជប៉ុន នគរបាល វៀតណាម នគរបាលចិន និងនគរបាលអូស្ត្រាលី ជាដើម។
គួរជម្រាបថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕