(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ទើបបញ្ចប់ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះប្រកាសថា សម្តេចអាចនឹងមិនឈានឆ្ពោះ ទៅរកការធ្វើ ជាប្រធានអាស៊ាន លើកទី៤ ដែលត្រូវធ្វើឡើងនៅឆ្នាំ ២០៣២នោះទេ បើសិនគិតដល់ពេលនោះសម្តេចមានអាយុ ៨០ឆ្នាំទៅហើយ។

សម្តេចតេជោបានបញ្ជាក់ទៀតថា ការធ្វើជាប្រធានអាស៊ានចំនួន៣ដងមកនេះ គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២ គ្រប់គ្រាន់ហើយសម្រាប់សម្តេច ហើយថាការធ្វើជាប្រធានអាស៊ានមិនមែនជារឿងងាយស្រួលទេ បើសិនជាគ្មានសេនាធិការវៃឆ្លាតនោះ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព ដើម្បីបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំច្បាស់ចៅរបស់ខ្ញុំនឹងមានទាមទារ [នាឡិកា] តែខ្ញុំមិនឱ្យចៅរបស់ខ្ញុំទេ ព្រោះនេះជានាឡិកាអនុស្សាវរីយ៍មួយនៃការចងចាំ ក្នុងឋានៈជាប្រធានអាស៊ានលើកទី៣ ដែលអាចចាត់ទុកថា​ ខ្ញុំអាចនឹងប្រកាសថាខ្ញុំ មិនឈានឆ្ពោះទៅរកការធ្វើប្រធានអាស៊ានលើកទី៤ទេ ព្រោះវាល្មមដល់អាស៊ានលើកទី៤ ខ្ញុំត្រូវអាយុ៨០ឆ្នាំ ដូច្នេះវាល្មមគ្រប់គ្រាន់ហើយ ៣ដងនេះ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយ ធ្វើប្រធានអាស៊ានវាមិនមែនជាការងាយស្រួលទេ បើសិនយើងមិនមានការបរទេសវៃឆ្លាត និងបើសិនយើងគ្មានអ្នកជំនួយការវៃឆ្លាត»

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធដែលបានបំពេញកិច្ចការងារដ៏ល្អ សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ និងផ្លែផ្កា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា ការធ្វើប្រធានអាស៊ានទាំង៣លើក ​លើកណាក៏សម្តេចពេញចិត្តចំពោះតំណែងប្រធានអាស៊ានដែរ ទោះកាលៈទេសៈខុសគ្នាក្តី។

សម្តេចតេជោ ហ៊ុន សែន សម្តែងការពេញចិត្ត និងកោតសរសើរចំពោះកម្លាំងសន្តិសុខសមត្ថកិច្ចកម្ពុជា សហការការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជា បានយ៉ាងល្អ និងមានសុវត្ថិភាព៕