(កូឡុំប៊ី)៖ ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសកូឡុំប៊ី បានធ្វើការកែច្នៃ និងផលិតម៉ាស៊ីនបង្កើតទឹកកក ដំណើរការដោយ​ថាមពលពីព្រះអាទិត្យ ដែលការអភិវឌ្ឍនេះស្ថិតនៅក្នុងគោលដៅ ជួយប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល និងគ្មានអគ្គិសនីប្រើប្រាស់ អាចគេចពីអាកាសធាតុក្តៅ ព្រមទាំងអាចរក្សាចំណីអាហារពួកគេបានយូរផងដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមខាងលើនេះ មកពីសកលវិទ្យាល័យជាតិ កូឡុំប៊ី បានចំណាយពេលសិក្សាស្រាវជ្រាវបច្ចេកវិទ្យាខាងលើនេះ អស់រយៈ ពេល ១៤ឆ្នាំមកហើយ ដោយវាទើបតែប្រកាសចេញជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៦។ ម៉ាស៊ីនខាងលើនេះ អាចធ្វើការបង្កកទឹកចំនួន ៥លីត្រក្នុងពេលតែមួយ ដោយជាទឹកកកទុកសម្រាប់ក្លាសេ ហើយវាប្រើប្រាស់ ថាមពលព្រះអាទិត្យ គួបផ្សំជាមួយសារធាតុអាល់កុល នៅក្នុងប្រតិបត្តិការបង្កកទឹក។

គួរបញ្ជាក់ថា តំបន់ដាច់ស្រយាលមួយចំនួន នៅកូឡុំប៊ី នឹងទទួលបានផលប្រយោជន៍ពីការសិក្សានេះ ដូចជា តំបន់ភាគខាងជើង Isla Fuerte ដែលមានអគ្គិសនីប្រើប្រាស់តិចតួច ជាពិសេសនោះគឺតែងតែត្រូវបានអាកាសធាតុ ក្តៅខ្លាំងវាយប្រហារ ព្រោះតែកូឡុំប៊ី ជាប្រទេសអាមេរិកខាងត្បូង តែកៀកនឹងតំបន់ខ្សែអេក្វាទ័រ។ ដោយឡែក បណ្តាសហគមន៍នៅលើដីកោះ ដែលមានមនុស្សរស់នៅ ២,៥០០នាក់ ក៏នឹងទទួលផលប្រយោជន៍ជាច្រើនផងដែរ៕