(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាមួយលោក Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី ក្នុងពិធីសម្ពោធការតាំងពិព័រណ៍ Songline ទន្ទឹមនឹងកម្ពុជា និងអូស្ត្រាលី បានប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគី។
លោកទេសរដ្ឋមន្រ្តី បានកត់សម្គាល់អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្រ្តាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មានភាពចម្រុះ និងពង្រឹងលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ កសិកម្ម ទឹក សុខាភិបាល អភិបាលកិច្ច និងការដោះមីនជាដើម។
កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវសូចនាករសង្គម ក្នុងការផ្លាស់ប្តូរដោយជោគជ័យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំប្រឹងប្រែងក្លាយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចុងក្រោយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
មិនត្រឹមតែប៉ុណ្ណឹង សម្រាប់ប្រទេសកម្ពុជា-អូស្ត្រាលី បានចូលរួមចំណែកយ៉ាងសំខាន់នៅដំណាក់កាលដំបូងក្នុងដំណើរការសន្តិភាពរបស់កម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយនឹងតួនាទីនាំមុខរបស់អូស្រ្តាលីក្នុងបេសកកម្មអ៊ុនតាក់ ហើយការងារបោសសម្អាតមីនត្រូវបានចាប់ផ្តើមពីការផ្តួចផ្តើម ឧត្តមសេនីយ៍ John Sanderson និងរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តទៀតថា រយៈពេល ៣០ឆ្នាំនេះ អូស្ត្រាលីបានបរិច្ចាគថវិកាជាង ១០០លានដុល្លារ និងបានរួមចំណែកកាត់បន្ថយយ៉ាងច្រើននៃអ្នកស្លាប់ដោយសារគ្រាប់មីន។ តាមរយៈគម្រោង Clearing for Results អូស្ត្រាលី គឺជាអ្នកផ្តល់ជំនួយដ៏ធំ និងបានចូលរួមកាត់បន្ថយផ្ទៃដីមានមីនប្រមាណជាង ២៥០ គីឡូម៉ែត្រការ៉េ សម្រាប់ការផ្តល់ដីសុវត្ថិភាពសម្រាប់ការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ជូនដល់ប្រជាជនជាង១លាននាក់៕