(កំពង់ធំ)៖ លោក អោក ស៊ីម ជាអតីត​យុទ្ធ​ជន​ពិការនៅខេត្តកំពង់ធំ ធ្លាប់ចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៩ ទើបតែទទួលបាន​ផ្ទះថ្មីមួយខ្នងដែលជាអំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

ការប្រគល់ផ្ទះនេះធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

លោក អោក ស៊ីម បាន​បញ្ជាក់​ថា លោកមានអាយុ៦៣ឆ្នាំបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៩ មានមុខងារជាប្រធានកងអនុសេនាធំទី១នៅអង្គភាពកងពលធំលេខ៥ ខេត្តព្រះវិហារ ហើយបានត្រូវរបួសពិការជើងខាងឆ្វេងនៅឆ្នាំ១៩៨៧ ក្នុងពេលប្រយុទ្ធជាមួយនឹងខ្មាំងនៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ។ លោកមានភរិយានិងកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយប្រកបមុខរបរប៉ះកង់/ម៉ូតូ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ គួបផ្សំនឹងប្រាក់បៀវត្សដែលរាជ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះឱ្យបានសមរម្យដោយខ្លួនឯងបាន ទើបគណៈកម្មាធិការសមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កកំពង់ធំសុំ​ការសម្រេចសាង​សង​ផ្ទះអំណោយរបស់សម្តេចតេជោ​​ជាខ្នងផ្ទះទី២២៤ ដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់​។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមានអង្ករចំនួន៥០គីឡូក្រាម មីចំនួន២កេស ទឹកពិសារបរិសុទ្ធចំនួន១កេស ទឹកត្រី ទឹកស៊ីអ៉ីវ​ចំនួន​២យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន​ ព្រមទាំងថវិកាមួយចំនួនផងដែរ។

លោក អោក ស៊ីម អតីតយុទ្ធជនពិការនិងក្រុមគ្រួសារបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​និង​សូម​គោរព​ជូន​ពរ​ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំផងដែរ៕