(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន និងដោយមានការចូលរួមពីលោក MASAHIRO MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ ផែនការមេភស្តុភារកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។
លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសហេដ្ឋា រចនាសម្ព័ន្ធក្នុងប្រទេស និងបានលើកឡើងពីប្រសាសន៍របស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា «ការសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសកំពុងអភិវឌ្ឍន៍គឺត្រូវធ្វើឱ្យមានគុណភាព»។
ក្នុងជំនួបកិច្ចប្រជុំនេះលោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគម្រោងដែលស្ថិតក្រោមជំនួយ ការគាំទ្រ និងហិរញ្ញប្បទានពីប្រទេសជប៉ុន ជាពិសេសគម្រោងកំពុងបន្តរួមមាន គម្រោងកសាងកំពង់ផែក្រុងព្រះសីហនុ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គម្រោងកាត់បន្ថយកាបូនឌីអុកស៊ីត គម្រោងរៀបចំផែនការមេភស្តុភារកម្មកម្ពុជា និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងបានថ្លែងអំណរអរគុណរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឥតសំណង រៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ Port EDI ដែលប្រព័ន្ធនេះបានដាក់ប្រើប្រាស់ផ្លូវការក្នុងខែសីហា ឆ្នាំ២០២២កន្លងទៅ និងបានសម្រួលដល់នីតិវិធីនៃការចេញចូលនានានៅកម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលា។
នៅក្នុងកិច្ចប្រជុំក៏បានពិភាក្សាលើគម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មីជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥ ក្នុងនោះលោកទេសរដ្ឋមន្រ្តី ក៏បានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កំចីបន្ថែម ៦០លានដុល្លា ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែកុងទឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសមត្ថភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពុងផែនានាក្នុងតំបន់។ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺជាផ្នែកនៃផ្លូវអាស៊ានហាយវេ លេខ១ ដ៏មានសក្តានុពល តភ្ជាប់ និងជម្រុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជា និងទៅក្នុងតំបន់ជាពិសេសតាមរយៈប្រទេសថៃ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខនេះ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើដល់ភាគីជប៉ុន តាជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើការសាងសងស្ថានីយបញ្ជូលអគ្គីសនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែ មានភាពប្រសើរឡើង។ ខណៈដែលដើម្បីជម្រុញការប្រើប្រាស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធនាំចូលមកត្រឹមតែប្រមានជាង ៦០% ប៉ុណ្ណោះនៃតម្លៃយានយន្តអគ្គិសនី។
ក្រៅពីនេះដែរលោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញជូនគណប្រតិភូជប៉ុន អំពីការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងពង្រីកផ្លូវជាតិលេខ៤ ដែលកំពុងត្រូវបានអនុវត្ត ដោយថវិកាហិរញ្ញប្បទានធនាគារពិភពលោក។ កម្ពុជាក៏កំពុងរៀបចំមជ្ឈមណ្ឌលភស្តុភាកម្ម ធវើឱ្យកម្ពុជាក្លាយជាអនុតំបន់ភស្តុភាកម្ម ជាពិសេសគឺគម្រោង «មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ» ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។
បន្ថែមពីនេះស្របពេលដែលប្រទេសជប៉ុនបានជួយសិក្សាចប់សព្វគ្រប់លើការៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលនឹងត្រូវការទំហំថវិកាប្រមាណ ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ៣៣២គម្រោង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យក្រុមហ៊ុនជប៉ុន ចូលរួមវិនិយោគក្នុងគម្រោងមួយចំនួន ក្នុងចំណោមគម្រោងប្រមាណ ៣៣២នោះផងដែរ។
ជាមួយនឹងការដាក់ដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានសិស្សនិស្សិតប្រមាណ ៤០០ នាក់ ដែលនឹងក្លាយជាវិស្វកររបស់កម្ពុជានាពេលអនាគត និងដើម្បីជម្រុញការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យភាគីជប៉ុនពិនិត្យផ្តល់ជំនួយលើឧបករណ៍សម្រាប់ពិសោធន៍ និងធ្វើតេស្ត ព្រមទាំងសាស្រ្តាចារ្យ ដើម្បីបណ្តុះបណ្តាលបន្ថែមដល់អនាគតវិស្វករកម្ពុជាផងដែរ៕