(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Beijing Xixing Yulong Trading Co., Ltd ក្នុងគោលបំណងដើម្បីសហប្រតិបត្តិការបង្កើត និងដាក់ឱ្យដំណើរការជំនាញបង្កើតមនុស្សយន្ត និងប្រាជ្ញាសិប្បនិម្មិត (AI), កិច្ចសហប្រតិបត្តិការទទួលនិស្សិតអន្តរជាតិ មកសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងកិច្ចសហប្រតិបត្តិការផ្នែកអប់រំវប្បធម៌ សាសនា និងគម្រោង។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីគតិ ឧទេ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, លោកឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងលោក លី ស៊ីតាវ តំណាងក្រុមហ៊ុន Beijing Xixiang Yulong Trading Co., Ltd ។
មានព្រះរាជបន្ទូលនាឱកាសនោះ សម្តេចឧទេ្ទសបណ្ឌិត បួរ គ្រី បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Beijing Xixiang Yulong Trading Co., Ltd គឺជាសក្ខីភាពដែលសបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងយ៉ាងជិតស្និត រវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងក្រុមហ៊ុនក៏ដូចជាក្រុមហ៊ុនដទៃទៀតនៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រជាជាតិទាំងពីរផងដែរ។ កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញគុណភាពសិក្សាឱ្យកាន់តែទំនើប ស៊ីវិល័យ ស្របតាមសម័យបច្ចេកវិទ្យា និងសាកលភារូបនីយកម្មពិភពលោកក៏ដូចជា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចឧទេ្ទសបណ្ឌិត បួរ គ្រី មានព្រះបន្ទូលទៀតថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដោយបានការប្រោសព្រះរាជទានព្រះនាម ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ ដោយមានព្រះនាមថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា និងបានទទួលលិខិតចេញជាគោលការណ៍របស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៩១៤ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៥ និងបានទទួលច្បាប់អនុញ្ញាត ឲ្យបើកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាផ្លូវការតាមអនុក្រឹត្យលេខ៨៣ អនក្រ ប.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ និងបានទទួលស្គាល់គុណភាពអបរំពីគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាហៅកាត់ថាACC ក្នុងការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។
សូមបញ្ជាក់ដែរថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាន ០៤ ពុទ្ធិកមហាវិទ្យាល័យ និងដំណើរការបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញដូចជា៖ ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ ជំនាញ៖ វិទ្យាសាស្រ្តអប់រំ, គ្រប់គ្រងទូទៅ, អក្សរសាស្ត្រខ្មែរ។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ ជំនាញ៖ ទស្សនវិជ្ជាព្រះពុទ្ធសាសនា, នីតិសាស្រ្ត, រដ្ឋបាលសាធារណៈ, នីតិឯកជន។ ពុទ្ធិកមហាវិទ្យាល័យព័ត៌មាន ជំនាញ៖ វិទ្យាសាស្រ្តកុំព្យូទ័រ។ ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស ជំនាញ៖ អក្សរសាស្ត្រអង់គ្លេស និងបង្រៀនភាសាអង់គ្លេស។
គួរំលឹកដែរថា បន្ទាប់ពីកាអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីកន្លងមកនេះ មានសប្បុរសជន ឲ្យចូលរួមកសាងនូវអគារសិក្សាថ្មី ក្នុងពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា ទៅតាមលទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ក្នុងនោះក៏មានថវិកា ដ៏ថ្លៃថ្លាបំផុតគឺថវិការសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ ថវិការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា ចូលរួមបរិច្ចាគថវិកា ២០ម៉ឺនដុល្លា រួមទាំងសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមនឧកញ៉ាកម្ពុជា បាននាំយកបច្ច័យ ២,៤២១,៧២២ ដុល្លារសម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាព្រមទាំងសប្បុរសជននានាផងដែរ៕