(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ម៉ានូឡា ហ្វឺរូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោក (World Bank-WB) ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែលលោកស្រីអញ្ជើញមកចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ កិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសកម្ពុជា។

លោក វង្សី វិស្សុត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ ម៉ានូឡា ហ្វឺរូ និងសហការីក្នុងឱកាសបំពេញការងារនៅប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ WB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ មកទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស។ ជាពិសេស ការដើរតួយ៉ាងសំខាន់របស់ WB ក្នុងការជួយរាជរដ្ឋាភិបាល ឆ្លើយតបភ្លាមៗ ក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះរួមមាន ការសម្រេចផ្តល់ហិរញ្ញប្បទានភ្លាមៗចំនួន ២០០លានដុល្លារ និងការផ្តល់ហិរញ្ញប្បទានបន្ថែមភ្លាមៗចំនួន ២៧៤លានដុល្លារ ជាទម្រង់មូលនិធិទ្រទ្រង់ថវិកា សម្រាប់ការបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

លោកស្រី ម៉ានូឡា ហ្វឺរូ បានកោតសរសើរ និងអបអរសាទរ ចំពោះភាពជោគជ័យរបស់កម្ពុជាលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំ កន្លងទៅនេះ ពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តវ៉ាក់សាំង និងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជន ដែលធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវភាពសុំាក្នុងសហគមន៍យ៉ាងឆាប់រហ័ស។

លោកស្រីក៏បានផ្តល់ការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបើកដំណើរការប្រទេស ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក និងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ បានល្អនៅក្នុងពេលវិបត្តិជំងឺកូវីដ-១៩ ពិសេសការគ្រប់គ្រងអត្រាអតិផរណាក្នុងពេលថ្មីៗនេះតែម្តង។

ជាមួយគ្នានេះដែរ លោកស្រី ម៉ានូឡា ហ្វឺរូ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំជាមួយ WB ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ហើយលោកជំទាវបានត្រៀមខ្លួនជាស្រេច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនេះឱ្យកាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត សំដៅបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាក្នុងការកាត់បន្ថយភាពក្រីក្រ និងចូលរួមកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។

លោក វង្សី វិស្សុត បានជម្រាបជូនលោកជំទាវអនុប្រធាន WB បានជ្រាបផងដែរ អំពីកិច្ចដំណើរការនៃ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដោយបានគូសញ្ជាក់ថា កម្ពុជាពិតជានឹងអាចសម្រេចបាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២នេះ ដោយសារភាពរឹងម៉ាំនៃវិស័យផលិតកម្ម និងការនាំចេញ និងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍ ព្រមទាំងការស្ទុះឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការប្រើប្រាស់ក្នុងស្រុក។
លោកបានបន្តទៀតថា ពិតណាស់ថា តាមការវាយតម្លៃជារួម គឺឆ្នាំ២០២៣ ខាងមុខ អាចជាឆ្នាំមួយដ៏លំបាក ដោយសារភាពមិនប្រាកដប្រជា នៃបញ្ហាប្រឈម និងហានិភ័យធំៗមួយចំនួន ពិសេសការកើនឡើងនៃអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសជឿនលឿន ពិសេសអាមេរិក និងអ៊ឺរ៉ប ដែលទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា ព្រមទាំងការបន្តថមថយនៃសេដ្ឋកិច្ចចិន។ ក៏ប៉ុន្តែឯកឧត្តមមានជឿជាក់ថា កម្ពុជាពិតជានឹងអាចឆ្លងផុតនូវឆ្នាំដ៏លំបាកនេះបាន ហើយនឹងនៅតែអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៦% ទោះបីត្រូវរ៉ាប់រងការចំណាយធំៗមួយចំនួន ដូចជាការបោះឆ្នោត និងការរៀបចំការប្រតួតកីឡាស៊ីហ្កេមក្តី។

ទន្ទឹមនឹងនេះ កម្ពុជានឹងបន្តគ្រប់គ្រងអតិផរណាឱ្យបន្តស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន គួបផ្សំនឹងវិធានការខាងរូបិយវត្ថុផងដែរ ដើម្បីរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់ សំដៅរក្សាកំលាំងទិញនៃប្រាក់រៀលមិនឱ្យធ្លាក់ចុះខ្លាំង ទន្ទឹមនឹងការបង្កើនផលិតភាពនៃផលិតកម្ម ពិសេសវិស័យកសិកម្ម ក៏ដូចជាការ ផ្តល់របបគាំពារសង្គមដល់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ និងប្រជាពលរដ្ឋរស់ក្បែរបន្ទាត់ភាពក្រីក្រផងដែរ។

លោកបានគូសបញ្ជាក់ថា ច្បាប់ថវិកាឆ្នាំ២០២៣ ត្រូវរៀបចំឡើងដើម្បីនាំនាវាកម្ពុជាឱ្យឆ្លងផុតឆ្នាំលំបាកនេះ និងត្រូវបានប្រសិទ្ធនាមថា ជាថវិកា ដើម្បីមនុស្ស និងកំណើន ពោលគឺផ្តល់អាទិភាពទី១ ដល់មនុស្ស តាមរយៈការ បង្កើនចំណាយលើវិស័យអប់រំ សុខាភិបាល ការគាំពារសង្គម និងសេវាសាធារណៈ ព្រមទាំងការដំឡើងបៀវត្ស និងសោធន៍និវត្តជាដើម។ល។ ទន្ទឹមផ្តល់ការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

ជាមួយគ្នានេះ កម្ពុជាក៏នឹងបន្តកែទម្រង់រចនាសម្ព័ន្ធក្នុងវិស័យសំខាន់ៗ រួមមាន៖ ឡូជីស្ទីក ជំនាញ អគ្គិសនី និងឌីជីថល ព្រមទាំងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា សំដៅបង្កើនសមត្ថភាពនាំចេញផង និងទាក់ទាញការវិនិយោគពីខាងក្រៅផង ពិសេសការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ និងនវានុវត្ត និងឧស្សាហកម្មរថយន្ត ទាំងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាំងក្នុងក្របខណ្ឌនៃការប្តូរទីតាំងវិនិយោគក្នុងតំបន់។

នៅក្នុងជំនួបពិភាក្សាការងារនេះដែរ លោក វង្សី វិស្សុត និងលោកស្រី ម៉ានូឡា ហ្វឺរូ ក៏បានផ្លាស់ប្តូរមតិ យោបល់ និងទស្សនៈពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងខិតកាន់តែជិតទៅរកវិបត្តិសេដ្ឋកិច្ចសកល និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយតំបន់ និងពិភពលោក ដែលកាន់តែស្រួចស្រាល ពិសេសតំបន់អាស៊ានដែលទាំងចិន និងអាមេរិក សុទ្ធតែជាគូពាណិជ្ជកម្មធំជាងគេទី១ និងទី២ របស់អាស៊ាន ខណៈដែលអ៊ឺរ៉ុបក៏ជាដៃគូវិនិយោគធំជាងគេរបស់អាស៊ានផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីនិន្នាការធំៗមួយចំនួន នៅក្នុងតំបន់ និងពិភពលោក ខណៈដែលចរន្តនៃសកលភាវូបនីយកម្ម អាចនឹងត្រូវជំនួសដោយតំបន់ភាវូបនីយកម្ម ក៏ដូចការដើរតួនាទីរបស់ចិន ក្នុងដែលប្រទេសលោកខាងលិចធ្លាក់ចុះនូវតម្រូវការ ព្រមទាំងទស្សនវិស័យនៃកំណើនវិស័យទេសចរណ៍ ក្នុងតំបន់ និងកម្ពុជា ព្រមទាំងហានិភ័យនៃវិស័យឥណទាន និងអចលទ្រព្យផងដែរ។

លោក វង្សី វិស្សុត ក៏បានគូសបញ្ជាក់ផងដែរ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល តាមរយៈការជំរុញកំណើនបៃតង ផ្អែកលើអភិក្រមរក្សាតុល្យការរវាងកំណើនសេដ្ឋកិច្ច និងតម្រូវការបៃតង។ រាជរដ្ឋាភិបាលកំពុងផ្តោតលើការធានាសន្តិសុខថាមពលដើម្បីប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ និងមានថ្លៃសមរម្យដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ជាកត្តាសំខាន់ ហើយជាចក្ខុវិស័យរបស់កម្ពុជា រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការប្រើប្រាស់ប្រភពថាមពលពីការកកើតឡើងវិញ នាពេលអនាគត ដោយសារកម្ពុជាក៏មានសក្តានុពលក្នុងការទាញយកថាមពលអគ្គិសនីតាមរយៈប្រភពវារីអគ្គិសនី និងប្រភពថាមពលពន្លឺព្រះអាទិត្យ។
ទន្ទឹមនឹងនេះ កម្ពុជានឹងបន្តគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ពោលគឺសំដៅធ្វើយ៉ាងណាឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំង ហើយមិនមានការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា៕