(ភ្នំពេញ)៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ជាមួយលោក Justin Trudeau នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា និងភាគីពាក់ព័ន្ធដទៃទៀត ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ចាប់តាំងពីការបង្កើតកម្មវិធីបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាឆ្នាំ១៩៩២ ដោយមានការគាំទ្រពីកាណាដាក្នុងបេសកកម្មអង្គការសហប្រជាជាតិនាពេលនោះ មានស្ត្រីក្នុងសកម្មភាពមីន ប្រមាណជិត ៣០% ជាអ្នកដោះមីន។
អង្គការជាច្រើន បានប្ដេជ្ញាជំរុញស្ត្រីឱ្យចូលទៅក្នុងតួនាទីជាអ្នកដឹកនាំ ប៉ុន្តែមានឧបសគ្គជាប្រព័ន្ធ បាននឹងកំពុងរារាំងស្ត្រី ហើយស្ត្រីនៅតែជួបការលំបាកនៅគ្រប់ដំណាក់កាលនៃការងារ និងមិនមានតំណាងនៅក្នុងមុខតំណែង ជាអ្នកដឹកនាំ។ ការផ្លាស់ប្តូរនេះ គឺធ្វើឡើងដោយមនុស្ស មិនមែនដោយគោលនយោបាយទេ។
ជាមួយគ្នានេះ លោកបានបន្តទៀតថា «កម្ពុជាបានឃើញនូវតួនាទីយ៉ាងសំខាន់របស់ប្រទេសកាណាដា នាំមុខគេ និងគាំទ្រគម្រោងនៅប្រទេសកម្ពុជា និងតំបន់ ក្នុងការជួយលើកកម្ពស់ស្ត្រីនៅក្នុងមុខតំណែងឈានមុខគេ លើឆាកអន្តរជាតិ និងធ្វើការចែករំលែកការសម្រេចចិត្តជាមួយសហសេវិកបុរស»។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយកម្ពុជានឹងរីករាយដែលឃើញប្រទេសកាណាដា ត្រឡប់មកជាអ្នកផ្តល់ជំនួយធំក្នុងការដោះមីននៅកម្ពុជាវិញ៕