(ភ្នំពេញ)៖ លោក ពុយ គា អ្នកកាសែតជើងចាស់ និងជាអ្នកតាមដានព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយទស្សន៍ Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញការយល់ឃើញថា កត្តាដែលកម្ពុជាថ្នាក់ថ្នមមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ គឺមិនចង់ឱ្យប្រទេសមីយ៉ាន់ម៉ា ចាក់ពីអាស៊ាន ដែលនាំឱ្យសហគមន៍អាស៊ាន មានការបែកបាក់ ក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ប្រជុំអាស៊ាន។
លោក ពុយ គា បានថ្លែងថា អាស៊ាន ប្រៀបបាននឹងភោជនីយដ្ឋានមួយ ដែលមានម្ហូបអាហារឆ្ងាញ់ៗ ជាច្រើនមុខ ដោយសារតែសមាជិកអាស៊ានទាំង១០ប្រទេស មានវប្បធម៌ សេដ្ឋកិច្ច ប្រជាពលរដ្ឋ ប្រពៃណី ទំនៀមទម្លាប់ខុសគ្នាទាំងអស់។ អាស៊ាន មានប្រជាពលរដ្ឋជាង ៦០០លាននាក់ ពាក់បណ្តាលប្រទេសចិន ដូច្នេះ តំបន់អាស៊ាន គឺមានភាពចម្រុះពណ៌ ដែលមានរសជាតិឆ្ងាញ់ ត្រង់ចំណុចនេះធ្វើឱ្យប្រទេសជាច្រើនចង់ធ្វើការទំនាក់ទំនងជាមួយអាស៊ាន។
លោក ពុយ គា បានបន្ថែមថា តាមរយៈពេលភាពចម្រុះពណ៌នេះ គឺអាស៊ានធ្វើយ៉ាងណារក្សាខ្លួនឯងមិនចង់ឱ្យបាត់បង់ទៅវិញ គឺត្រូវធ្វើយ៉ាងណាឱ្យតួនាទីស្នូលរបស់អាស៊ាន នៅរឹងមាំ ដើម្បីមានកម្លាំងជជែកជាមួយប្រទេសនានា។ ដូច្នេះ ប្រសិនបើករណីប្រទេសមីយ៉ាន់ម៉ា ដើរចេញពីអាស៊ាន នោះនឹងធ្វើឱ្យតំបន់អាស៊ាន បាត់បង់ទម្ងន់។
ជាការយល់ឃើញ លោក ពុយ គា បានគូសបញ្ជាក់ថា៖ «មានមតិជាច្រើន ចោទសួរថាហេតុអ្វី បានកម្ពុជា ថ្នាក់ថ្នមមីយ៉ាន់ម៉ាទៀត? ក្នុងចំណុចនេះមានការខ្វែងគំនិតគ្នា នៅក្នុងក្របខ័ណ្ឌអាស៊ាន ខ្ញុំអាចនិយាយថា អាស៊ាន៧ ទល់នឹងអាស៊ាន៣ មានន័យអាស៊ាន៧ គេចង់ថ្នាក់ថ្នមបន្ត ក្នុងនោះគឺកម្ពុជា ជាតួអង្គសំខាន់ណាស់ នៅក្នុងក្របខ័ណ្ឌធ្វើជាម្ចាស់ផ្ទះប្រជុំកំពូលអាស៊ាន គឺកម្ពុជា នាំមុខគេ គឺឱ្យខ្ញុំដើរតួនាទីធ្វើការជាមួយនឹងភូមា»។
បើតាមការយល់ឃើញបន្ថែមពីរបស់លោក ពុយ គា បានបញ្ជាក់ថា កត្តាដែលកម្ពុជា ថ្នាក់ថ្នមមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន ដោយសារកត្តាទី១៖ ប្រទេសកម្ពុជា មានបទពិសោធន៍ពីរឿងសង្គ្រាមស៉ីវិល ព្រោះសភាពការណ៍មីយ៉ាន់ម៉ា ស្រដៀងគ្នា នឹងប្រទេសកម្ពុជា ដែលមានគណបក្សច្រើនឈ្លោះគ្នា។ «អ៊ឹចឹង ប៉ុន្មានសទវត្សន៍ ធ្វើឱ្យកម្ពុជា មានមោទនភាពមានបទពិសោធន៍គ្រប់គ្រាន់ ដែលខ្ញុំអាចចែករំលែកទៅភូមាបាន»។
លោក ពុយ គា បានលើកឡើងថា កត្តាទី២៖ ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ដីគោក និងទី៣៖ មីយ៉ាន់ម៉ា និងកម្ពុជា មានវប្បធម៌ សាសនា ព្រមទាំងចំណុចមួយចំនួនស្រដៀងគ្នា។ តាមរយៈកត្តាស្រដៀងគ្នា ដូច្នេះ ថ្នាក់ដឹកនាំរបស់កម្ពុជា នឹងនាំចេញអ្វីដែលខ្លួនឯងធ្លាប់កាត់ ទៅឱ្យប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែមានភាពប្រេះស្រាំផ្ទៃក្នុង។
«ខ្ញុំឃើញថា កម្ពុជា មានភាពឈ្លាសវៃ ចំពោះបញ្ហាមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលមកដល់ពេលនេះមានរយៈពេល ១១ខែជាងហើយ អ៊ឹចឹងយើងនៅសល់តែកន្ទុយបន្តិច ហើយថ្ងៃនេះ ត្រូវផ្ទេរញញួរទៅឱ្យឥណ្ឌូនេស៉ី ធ្វើជាម្ចាស់ផ្ទះបន្ត អ៊ឹចឹងបើកម្ពុជា ប្រែពីការថ្នាក់ថ្នម ផ្តល់ជំនួយដល់ភូមា ហើយបែរជាប្រើដំបងវិញ នោះនឹងធ្វើឱ្យភូមា មានការថ្នាំងថ្នាក់ជាមួយខ្មែរ អ៊ឹចឹងហើយ ខ្ញុំគិតថាកម្ពុជា ទុកច្រកបើចង់សម្រេចយ៉ាងម៉េច គឺទុកឱ្យឥណ្ឌូនេស៉ី ក្នុងនាមជាម្ចាស់ផ្ទះបន្ត»។
«ថ្នាក់ដឹកនាំកម្ពុជា គឺមិនចង់ឱ្យមីយ៉ាន់ម៉ា របូតចេញពីអាស៊ាន ដូច្នេះ កិច្ចប្រជុំកំពូលអាស៊ានក្រោយនេះ រឿងអី ដែលយើងត្រូវប្រើប្រាស់ភាសាខ្លាំងៗ ក្តៅៗដាក់ភូមា ដើម្បីឱ្យភូមាខឹងកម្ពុជាទៅវិញ, ទី២៖ បើសិនជាភូមាចេញនៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ប្រវត្តិសាស្ត្រកម្ពុជា គឺជាប់នៅក្នុងអាស៊ាន (អាយុ៥៥ អាស៊ានបែកបាក់ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ) នេះដែលកម្ពុជា ខ្លាច។ នេះជាអ្វីដែលខ្ញុំមើលពីក្រៅ»។ នេះបើការយល់ឃើញបន្ថែមថារបស់លោក ពុយ គា។
តាមរយៈការថ្នាក់ថ្នមមីយ៉ាន់ម៉ា គឺស្តែងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា គឺកៅអី និងទង់ជាតិរបស់មីយ៉ាន់ម៉ា នៅតែបន្ដរក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានមួយនេះ ប៉ុន្ដែមីយ៉ាន់ម៉ាខ្លួនឯងទៅវិញទេ ដែលមិនបានបញ្ជូនតំណាងមិនមែននយោបាយមកចូលរួមតាមការអញ្ជើញរបស់ប្រធានអាស៊ាន។
គួរជម្រាបថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ប្រមុខដឹកនាំអាស៊ានទាំងអស់ បានវាយតម្លៃ និងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់មីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន បានបញ្ជាក់ជាថ្មីថា មីយ៉ានម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន ហើយបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ កន្លងមក។
មេដឹកនាំអាស៊ាន យល់ឃើញថា ស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរនោះ អាស៊ានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។
ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច កងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។
អាស៊ានបានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធ គួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា៕
p style="text-align: center;">