(ភ្នំពេញ)៖ លោក ពុយ គា អ្នកកាសែតជើងចាស់ និងជាអ្នកតាមដានព័ត៌មានអាស៊ាន បានកត់សម្គាល់ឃើញថា វត្តមានរដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែននៅកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហាក់ដើរលឿនជារដ្ឋមន្ដ្រីការបរទេសរុស្ស៉ី ដោយលោកបានព្យាយាមជួបមេដឹកនាំបណ្ដាប្រទេសអាស៊ានសំខាន់ៗស្ទើរគ្រប់គ្នា។

ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបង្ហាញការកត់សម្គាល់ព្រឹត្តិការណ៍សំខាន់ៗជុំវិញកិច្ចប្រជុំកំពូលអាស៊ាន, លោក ពុយ គា បានមើលឃើញទៀតថា សម្រាប់មេដឹកនាំកម្ពុជា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានជួបទ្វេភាគីក៏ស្ទើរគ្រប់គ្នាផងដែរ ក្នុងនោះមានទាំងសម្ដេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ជាដើម។

លោក ពុយ គា បានអះអាងបែបនេះថា «ខ្ញុំឃើញរដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន គាត់ដណ្ដើមទីផ្នែកនយោបាយការទូត គាត់បានដើរលឿនមុនរុស្ស៉ី។ គាត់មកដល់កម្ពុជា គាត់ព្យាយាមជួបបើនិយាយពីកម្ពុជាគាត់ជួបស្ទើរទាំងអស់ជួបសម្ដេចតេជោ, ជួបរដ្ឋមន្ដ្រីការបរទេសកម្ពុជា ហើយបន្ទាប់មកគាត់ជួបមេដឹកនាំរដ្ឋមន្ដ្រីការបរទេសអាស៊ានស្ទើរទាំងអស់ ហើយជួបជាមួយដៃគូធំៗទៀត»

បើតាមលោក ពុយ គា, រាល់ជំនួបទាំងអស់របស់រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន គឺលោកបានថ្លែងអំណរគុណដល់បណ្ដាប្រទេសទាំងអស់ដែលបានគាំទ្រខ្លួន ពិសេសកម្ពុជាផ្ទាល់តែម្ដង។ លោក ពុយ គា បានមើលឃើញទៀតថា សម្រាប់កម្ពុជាដែលផ្ដល់ការគាំទ្រដល់អ៊ុយក្រែននេះ គឺស្របជាមួយអាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូងជាដើម។

ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៍បន្ថែមរបស់លោក ពុយ គានោះ លោក ឌីមីត្រូ គូលេបា ក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួននោះ បានបញ្ជាក់ជំហរថា មិនមានគម្រោងស្នើសុំជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ នោះទេ។ លោកបង្ហើបថា ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជា ក៏ប្រកាន់ឥរិយាបថចង់ក្លាយជាមេអណ្ដើកសម្រាប់ជំនួបរវាងរដ្ឋមន្ដ្រីការបរទេសប្រទេសទាំងពីរផងដែរ។ តែរហូតមកដល់ថ្ងៃបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន និងរុស្ស៉ី មិនបានជួបទ្វេភាគីជាមួយគ្នានោះទេ។

អ្នកកាសែតជើងចាស់រូបនេះ ក៏បានបង្ហាញនូវការងឿងឆ្ងល់ថា អ៊ុយក្រែនប្រទេសតូចនោះទេ ហើយត្រូវបានរុស្ស៉ីចោទថាជាអ្នកឈ្លានពានទៅទៀត ប៉ុន្ដែហេតុអ្វីបានជារដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន មិនចង់ជួបចរចាជាមួយរុស្ស៉ី បែរជាចង់ឲ្យរុស្ស៉ីមកស្នើសុំដើម្បីជួបខ្លួនទៅវិញ?។ ខណៈចម្លើយត្រូវបានគេវាយតម្លៃថា ទាល់តែសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ឬបើកភ្លើងខៀវបានជំនួបនេះទៅរួច។

បើទោះបីរដ្ឋមន្ដ្រីការបរទេសរុស្ស៉ី-អ៊ុយក្រែន មិនបានជួបគ្នាក៏ពិតមែន តែលោក ពុយ គា បានបង្ហើបទៀតថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ មានជំនួបមួយស្ងាត់ៗកើតឡើងនៅរាជធានីភ្នំពេញ រវាងរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក ជាមួយលោក ឌីមីត្រូ គូលេបា រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន។ បើទោះជាលទ្ធផលនៃជំនួបស្ងាត់ៗនេះ មិនទាន់ត្រូវបានគេដឹងយ៉ាងណាក្ដី ប៉ុន្ដែលោក ពុយ គា មើលឃើញថា ជាសញ្ញាណមួយដ៏ល្អដែលជំនួបចេញពីរាជធានីភ្នំពេញ គ្រាដែលកន្លងមកនេះ មិនទាន់មានការជួបគ្នាផ្លូវការណាមួយនោះឡើយ ហើយជំនួបនេះទំនងអាមេរិកបង្ហើបអំពីទម្រង់នៃការចរចាផងដែរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលបន្ថែមទៀតនោះ តាមគម្រោងរដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន ក៏ត្រូវអញ្ជើញចូលរួមក្នុងពិធីលាងសាយភោជន៍ដែលរៀបចំដោយសម្ដេចតេជោ ហ៊ុន សែន ជូនថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំបណ្ដាប្រទេស ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានផងដែរ ប៉ុន្ដែក្រោយបញ្ចប់ជំនួបជាមួយរដ្ឋមន្ដ្រីការបរទេសអាមេរិក លោកបែរជាហោះទៅប្រទេសរបស់ខ្លួនវិញភ្លាមៗតែម្ដង។

លោក ពុយ គា បានវិភាគទៀតថា ការចាយពេលប៉ុន្មានថ្ងៃរបស់រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែននៅកម្ពុជា ទំនងគោលដៅសំខាន់ គឺស្វែងរកឱកាសដើម្បីជួបជាមួយរដ្ឋមន្ដ្រីការបរទេសអាមេរិក លុះពេលជួបបានសម្រេចក៏ប្រញាប់ចេញទៅភ្លាម ដើម្បីរាយការណ៍ជូនមេរបស់ខ្លួន គឺលោក វ៉ូឡូឌីមៀរ ស៊ីលេនស្គីតែម្ដង។ យ៉ាងណាមិញ លោក ពុយ គា អះអាងថា ទាំងអស់នេះគ្រាន់តែជាការវិភាគក្រោយឆាកប៉ុណ្ណោះ ខណៈរឿងពិតកម្រិតណានោះ លោកមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេ៕