(ភ្នំពេញ)៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា លោករីករាយណាស់ដែលបានឃើញការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា។

លោក Wang Wenbin បានបង្ហោះសារ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ដោយភ្ជាប់នឹងរូបភាពមួយសន្លឹក នៃទិដ្ឋភាពរាជធានីភ្នំពេញ និងបានសរសើរពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «រាត្រីដ៏ស្រស់ស្អាត ក្នុងរាជធានីភ្នំពេញ។ វាមានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីខ្ញុំមកទីនេះលើកចុងក្រោយ។ ខ្ញុំរីករាយណាស់ដែលបានឃើញការអភិវឌ្ឍដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា»

សូមជម្រាបថា អ្នកនាំពាក្យរូបនេះ បានអមដំណើរ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដែលអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕