(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្លែងទៅកាន់មេដឹកនាំអាស៊ានទាំងអស់ ដោយសម្តេចអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេម និងប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងឱកាសអញ្ជើញបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃ នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសូមអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៣ និងពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១២ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ដែលជាសមិទ្ធផលមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង»។
គួរជម្រាបថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលមានប្រទេសចំនួន១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។ ព្រោះតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់ នៃការប្រកួតនេះឡើយ។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា៕