(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានបានថ្លែងថា ឯកសារសមិទ្ធផល និងសេចក្តីប្រកាសសរុបចំនួន៧០ ត្រូវបានអនុម័ត និងកត់សម្គាល់នៅអំលុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ ទីដែលរៀបចំកិច្ចប្រជុំកំពូលៗទាំងនោះ។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល៤ថ្ងៃនេះ អង្គប្រជុំសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់ខ្លួនក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោកកំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស។
សម្តេចតេជោបានបន្តថា «យើងបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន៧០ ដែលគ្របដណ្ដប់ទៅលើសសរស្ដម្ភទាំង៣របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង»។
សម្ដេចប្រធានអាស៊ានបានបន្តថា ដើម្បីបន្តនិងពង្រឹងទំនាក់ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែនក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១នេះ។ ដូចគ្នានេះដែរ ប្រទេស៦ទៀត រួមមាន ដាណឺម៉ាក ក្រិក ណេតដឺឡង់ (ហូឡង់) អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជាសមាជិកក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅខែសីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះបានកើនឡើងដល់៥០ប្រទេស។
សម្ដេចតេជោ បានបន្តទៀតថា អង្គប្រជុំក៏បានចេញនូវសេចក្ដីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិនេះនាឆ្នាំ២០០២។
សម្រាប់ការកសាងសហគមន៍អាស៊ានវិញ អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីខួបលើកទី៥៥របស់អាស៊ាន, និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អង្គប្រជុំក៏បានអនុម័តសេចក្ដីថ្លែងការណ៍រួមស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ ប្រកបដោយជោគជ័យនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
ជាមួយគ្នានេះដែរ អង្គប្រជុំក៏មានក្តីសោមនស្សដែលមានលទ្ធភាពរៀបចំជាលើកទី២នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈសម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩៕