(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ស្ថាបនិកអង្គការសប្បុរធម៌ព្រុយណេ លោក ហាជី មូហាម៉ាត ម៉ីកបាល ហ្វគី ហាជី ដាមីត (Mr. Haji Muhammad Iqbal Fakhri Haji Damit) បានទទួលនូវពានរង្វាន់អាស៊ានឆ្នាំ២០២២ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកាសដំណឹងនេះ បានធ្វើឡើង នៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ានថ្មី ឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវកិច្ចការរបស់គាត់ ក្នុងការជួយពង្រឹងស្មារតីសហគមន៍អាស៊ាន ឲ្យកាន់តែរឹងមាំ និងប្រជាជននិយម»។
សម្តេចបានបន្តថា ជាងមួយទសវត្សរ៍មកហើយ លោក មូហាម៉ាត ដាមីត បាន និងកំពុងកៀរគរជំនួយ និងដឹកនាំយុវជនស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ការលើកតម្កើង និងការអភិវឌ្ឍរបស់ជនជាតិភាគតិច និងជនងាយរងគ្រោះ ទូទាំងតំបន់៕