(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយភាពជោគជ័យចប់សព្វគ្រប់នោះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ភាពជាប្រធានអាស៊ានក្នុងរយៈពេលមួយឆ្នាំ២០២២នេះ សម្ដេចទទួលបាននូវអនុស្សាវរីយ៍ជាច្រើន ព្រមទាំងជាប្រវត្តិសាស្ដ្ររបស់សម្ដេចផ្ទាល់ និងកម្ពុជាទាំងមូល។
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា បិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃមកនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេចទទួលបានតំណែងប្រធានអាស៊ាននេះ ពីព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប្រ៊ុយណេ ដារូសាឡាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «រយៈពេល១ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីខ្ញុំបានទទួលតំណែងជាប្រធានអាស៊ានពី ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប្រ៊ុយណេ ដារូសាឡាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ នេះគឺជារយៈពេល១ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និង ជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជាដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលតំណែងជា ប្រធានប្តូរវេនរបស់អាស៊ាន»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រសាសន៍ទៀតថា ខណៈដែលយើងបាននិងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ យើងពិតជាបានអនុវត្តតាមមូលបទនភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន (ASEAN A.C.T: Addressing Challenge Together)»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្ដីសប្បាយសេចក្តីរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្ដល់ឲ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំ មកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ។
ប្រធានអាស៊ានឆ្នាំ២០២២ បន្ដទៀតថា សេចក្តីរីករាយ ដែលសម្ដេចបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដោយផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគ្រប់គ្នានៅទីក្រុងភ្នំពេញនេះ គឺមិនអាចវាស់វែងបាននោះទេ។ រយៈពេល២ឆ្នាំកន្លងទៅ ការទាក់ទងគ្នាដោយផ្ទាល់ ត្រូវបានបន្ទច់បង្អាក់ដោយជំងឺកូវីដ-១៩ និងការបំប្លែងថ្មីៗនៃមេរោគនេះ។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់បន្ថែមថា ជាការពិតការបញ្ចប់នូវកិច្ចប្រជុំកំពូលចំនួន១៦ក្នុងរយៈពេលត្រឹម៤ថ្ងៃ គឺជារឿងដ៏លំបាកមួយ ជាពិសេស នៅចំពេលដែលពោរពេញដោយបញ្ហាប្រឈម។ ដូចនេះ សម្ដេចបានធ្វើការវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារយើង ដើម្បីធានាដល់ភាពងាយស្រួល និងផាសុកភាព សម្រាប់យើងរាល់គ្នា និងដើម្បីការបញ្ចប់ភាពជាប្រធានអាស៊ានប្រកបដោយជោគជ័យ៕