(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអំពាវនាវឲ្យអាមេរិក ចូលរួមជួយកម្ពុជា ក្នុងការសម្រេចបាននូវផែនការ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការ បន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមានកិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។
ក្រសួងការបរទេស បានដកស្រង់ប្រសាសន៍ របស់សម្តេចតេជោថា «ពាក់ព័ន្ធនឹងការដោះមីន សម្តេចតេជោបានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀត ពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។
សម្ដេចតេជោ ក៏បានជម្រាបជូនលោកប្រធានាធិបតី បៃដិន អំពីកិច្ចសហការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ជូនក្រុមអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាល ក្រុមដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែនដល់ជប៉ុន ក្នុងការផ្ដល់ឧបករណ៍ដោះមីនផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។
ក្នុងជំនួបនោះ លោកប្រធានាធិបតី ចូ បៃដិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។
សូមជម្រាបថា ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនលើកម្ពុជា ដែលគ្រាប់បែកទាំងនោះត្រូវបានរកឃើញ និងដោះសន្សាបជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នអាមេរិកក៏បានផ្តល់ជំនួយដល់សកម្មភាពដោះមីននៅកម្ពុជាផងដែរ ប៉ុន្តែជំនួយទាំងនោះនៅមានចំនួនតិចតួចនៅឡើយ៕