(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៃជំនួបប្រជុំទ្វេភាគី របស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកាណាដា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក នៅក្នុងជំនួបទ្វេភាគីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការចូលរួមតាំងពីយូរមកហើយ របស់កាណាដា នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។

សម្តេចតេជោ កោតសរសើរកាណាដា ចំពោះតួនាទីយ៉ាងសកម្ម នៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា រួមទាំងការបោសសំអាតមីនផងដែរ និងបានស្នើកាណាដាបន្តការគាំទ្ររបស់ខ្លួន ជួយដល់កម្ពុជា ដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ត្រឹមឆ្នាំ២០២៥។

សម្តេចតេជោ ក៏បានជម្រាបជូននាយករដ្ឋមន្រ្តី ទ្រូដូ អំពីគំនិតផ្តួចផ្តើម និងការសម្របសម្រួលរបស់កម្ពុជា យ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ។

លោក ចាស្ទីន ព្យែ ទ្រូដូ បានឱ្យតម្លៃទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតឱកាស ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាន និងកាណាដា។

លោកក៏បានសម្ដែងនូវអំណរគុណដ៏ស្មោះសរចំពោះការដឹកនាំ និងគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយដល់អ៊ុយក្រែន និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិនេះផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដាផងដែរ ខណៈនោះ សម្តេចតេជោបានសម្តែងការគាំទ្រ ចំពោះការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា ជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា នឹងឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀតផងដែរ រួមមាន ពាណិជ្ជកម្ម ការប្រែប្រួល អាកាសធាតុ និងសន្តិសុខស្បៀង ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាកង្វល់រួមផងដែរ៕