(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយគិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌។

ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជានេះ សម្តេចតេជោស្នើឲ្យកម្ពុជា-អាមេរិក បន្តកិច្ចសហប្រតិបត្តិការតាមអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០២ ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃលទ្ធផលជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និង លោក ចូ បៃដិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។

សេចក្តីប្រកាសព័ត៌មានបានដកស្រង់លទ្ធផលនៃជំនួបយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ សម្តេចតេជោ បានលើកឡើងពីគោលជំហររបស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយគិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌ និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិក យោងតាមអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០២ ដែលមានស្រាប់ តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក»

ក្នុងជំនួបនោះ លោកប្រធានាធិបតី ចូ បៃដិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការ បន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមានកិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ពាក់ព័ន្ធនឹងការដោះមីន សម្តេចតេជោ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀត ពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ កាលពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរ ឬអនិកជនខ្មែរណា ដែលប្រព្រឹត្តល្មើស ឱ្យត្រឡប់មកមាតុភូមិវិញ។

កាលពីឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា កិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិក ពាក់ព័ន្ធនឹង ការបញ្ជូនពលរដ្ឋខ្មែរ ដែលល្មើសច្បាប់ឱ្យត្រឡប់មកមាតុភូមិវិញ នឹងនៅតែបន្តគ្មានការលុបចោលទេ ប៉ុន្តែភាគីកម្ពុជាស្នើឱ្យធ្វើវិសោធនកម្មឡើងវិញ ដោយសារហេតុផលមនុស្សធម៌ និងសិទ្ធិមនុស្ស។

កាលព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង ២ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហានេះម្តងទៀត ដោយបញ្ជាក់ថា វាជារឿងអាណោចអាធមមួយប្រជាពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនមកកម្ពុជាវិញនោះ នឹងត្រូវបែកបាក់ក្រុមគ្រួសារ ភរិយា និងកូនៗរបស់គេ។ សម្តេចបន្តថា នៅមានពលរដ្ឋខ្មែរ ដែលល្មើសច្បាប់ត្រូវបញ្ជូនមកវិញ ប្រមាណជាង ១០០នាក់ទៀត៕