(ភ្នំពេញ)៖ ព័ត៌មានច្បាស់ការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ មេដឹកនាំកំពូលអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលជាមេដឹកនាំមហាអំណាចពិភពលោក និងក្នុងតំបន់នោះ (ទាំង៣នាក់) នឹងជួបតទល់មុខគ្នា ដើម្បីជជែកលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបាននិងកំពុងគំរាមកំហែងសុវត្ថិភាព និងសន្តិសុខរបស់កូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាក្នុងតំបន់ទាំងមូលផងដែរ។
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក, លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងលោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ សុទ្ធតែមានវត្តមាននៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយអាស៊ាន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោកស្រី អាន់ឌ្រៀន វ៉ាតសុន (Adrienne Watson) បានឱ្យដឹងថា មេដឹកនាំទាំង៣ នឹងជួបគ្នានៅកម្ពុជា នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា នេះបើយោងតាមការចេញរបស់សារព័ត៌មាន AFP។
លោកស្រី បានបញ្ជាក់ថា «មេដឹកនាំទាំង៣ នឹងធ្វើការដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងដោយ អាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់ របស់កូរ៉េខាងជើង»។
ព័ត៌មានច្បាស់ការបានបញ្ជាក់ដែរថា លោក បៃដិន ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ មុននឹងឈានជំនួបត្រីភាគី៕