(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកទេសរដ្ឋមន្ត្រី សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
តាមរយៈសាររំលែកមរណទុក្ខ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សូមសម្ដែងនូវទឹកចិត្តពោរពេញដោយ សេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកសៅ និងស្តាយស្រណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុតដោយបានទទួលដំណឹងថា ឧបាសិកា ឡាយ សារឿយ ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ឧបាសិកា ឡាយ សារឿយ គឺជាការបាត់បង់នូវម្តាយក្មេក ម្តាយ ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តមេត្តា ដែលនៅក្នុងមួយជីវិតរបស់ ឧបាសិកា បានរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា កិច្ចការមនុស្សធម៌ និងសង្គមឥតគណនា។
យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកា ឡាយ សារឿយ បានទៅកាន់ឋានបរមសុខកុំបីខានឡើយ។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមកំអំពីយើងខ្ញុំ»៕