(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រកាសឲ្យដឹងថា រយៈពេលជាង៥-៦ខែ នៅក្នុងឆ្នាំ២០១៦នេះ បណ្ណបើកបរបានធ្វើ និងប្រគល់ជូនប្រជាពលរដ្ឋចំនួនជាង៨ពាន់នាក់ ខណៈពេញមួយឆ្នាំ២០១៥ ធ្វើបានត្រឹមតែ ជាង១ម៉ឺននាក់។
លោករដ្ឋមន្រ្តីបានបង្ហាញឲ្យដឹងថា ការធ្វើបណ្ណនៅក្នុងឆ្នាំ២០១៦នេះ មានភាពល្អប្រសើរលឿនជាងឆ្នាំមុន។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះ ស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងជាច្រើនរូបទៀត។
សូមជំរាបថា មណ្ឌល ប្តូរនិងពន្យារ បណ្ណបើកបរយានយន្តនេះ ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់សេវាសាធារណៈឲ្យមានភាពងាយស្រួល និងឆាប់រហ័ស ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយលើសេវាប្តូរ ឬ ពន្យារបណ្ណបើកបរយានយន្ត សម្រាប់ប្រជាជនកម្ពុជាមកពី២៥ រាជធាន-ខេត្ត។
មណ្ឌលនេះនឹងចាប់ផ្តើមដំណើរការផ្តល់សេវាប្តូរ និងពន្យារ បណ្ណបើកបរយានយន្តគ្រប់ប្រភេទ ជូនសាធារណជន ចាប់ពីម៉ោង០៩ព្រឹក ដល់ ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។ សូមបញ្ជាក់ថា ការប្តូរ និងពន្យារបណ្ណបើកបរនេះ សម្រាប់បណ្ណបើករថយន្តតម្លៃសេវា ៣០០០០រៀល រីឯ ទោចក្រយានយន្តតម្លៃ ២០០០០រៀល។
សាធារណជន អាចទាញយកពាក្យស្នើសុំប្តូរ ឬ ពន្យារបណ្ណបើកបរបានពីទំព័រ Facebook របស់ក្រសួង www.facebook.com/mpwt .gov.kh ឬ តាមរយៈគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន www.mpwt.gov.kh៕