(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំពោះសំណើកាណាដា ចំពោះការពង្រីកទំនាក់ទំនងរវាងអាស៊ាននិងកាណាដា ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។

ការវាយតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា ជាមួយ លោក ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសំណើកាណាដា ចំពោះការពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងកាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទិសដៅដ៏ប្រសើរសម្រាប់ជំរុញទំនាក់ទំនងកិច្ចសន្ទនា អាស៊ាននិងកាណាដា ឲ្យកាន់តែស្អិតរមួត និងកាន់តែស៉ីជម្រៅ។ ជាក់ស្តែង ការបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅពេលថ្មីៗនេះ គឺជាការបោះជំហានជាវិជ្ជមានដំបូង ស្របតាមទិសដៅនេះ ដែលនឹងជំរុញស្តារសេដ្ឋកិច្ច នៅក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ១៩»

បើតាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី, ៤៥ឆ្នាំមកនេះ ជាមួយនឹងការប្តេជ្ញា និងបំណងប្រាថ្នារួម ក្នុងការរក្សានូវសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ទាំងពីរ ភាពជាដៃគូដ៏យូរអង្វែងរបស់អាស៊ាននិងកាណាដា បាននាំមកនូវសមិទ្ធផលលេចធ្លោលើគ្រប់វិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងសាកលលោក ជាពិសេសលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន។

ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កាណាដា (ACECA) ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។

នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លានដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ស្តីពីទិដ្ឋភាពទូទៅនៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ចេញផ្សាយដោយអាស៊ាន កាលពីខែតុលា ឆ្នាំ២០២១៕