(ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក KISHIDA Fumio នាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីររំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ។

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកនាយករដ្ឋមន្ត្រី KISHIDA បានកត់សម្គាល់ដោយសេចក្ដីសោមនស្សចំពោះទំនាក់ទំនងដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា-ជប៉ុន ដោយរំឭកអំពីដំណើរទស្សនៈកិច្ចទាំងពីរលើករបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំនេះ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់ និងបានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានថ្លែងអំណរគុណជប៉ុនដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ ក៏បានស្នើដល់សមភាគីជប៉ុនឱ្យជួយកម្ពុជាដើម្បីសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥» ផងដែរ។

លោក KISHIDA បានកោតសរសើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសមត្ថភាពរបស់សម្តេចក្នុងការធ្វើជាប្រធានអាស៊ាន និងបានគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីនាំមកនូវភាពជាក់ស្តែងសម្រាប់សហគមន៍អាស៊ាន និងដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងតំបន់។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ ក្នុងនោះរួមមាន វិបត្តិនៅអ៊ុយក្រែន និងការបាញ់មីស៊ីល និងការធ្វើតេស្តនុយក្លេអ៊ែរជាបន្តបន្ទាប់របស់កូរ៉េខាងជើង។

នៅក្រោយជំនួបទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា (សេចក្តី ប្រកាសព័ត៌មានដោយឡែកមានជូនភ្ជាប់ម​កជាមួយ) និងការប្រកាសជាផ្លូវការអំពីឡូហ្គូសម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា​និងជប៉ុន នៅឆ្នាំ២០២៣៕