(សេអ៊ូល)៖ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បួង ដែលវត្តមាននៃនាវាមុជទឹកនេះ គឺអាមេរិក ចង់បង្ហាញពីឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា។
នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ឈ្មោះ USS Mississippi បានមកដល់ប្រទេសកូរ៉េខាងត្បួងជាលើកដំបូង ជាមួយនឹងសហនាវិក ១៤១នាក់ ដោយគោលបំណងនៃការបង្ហាញខ្លួននៅកូរ៉េខាងត្បួងនេះ គឺដើម្បីចូលរួមនៅក្នុងសកម្មភាពមួយចំនួន ក្នុងគោលដៅសន្ដិសុខក្នុងតំបន់ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមយោធា Group Seven។
ការមកដល់របស់នាវា USS Mississippi ត្រូវបានធ្វើឡើងត្រឹមរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីអាមេរិក បានចល័តយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំង F-22 មកកាន់កូរ៉េខាងត្បូង កាលពីខែមករា និងកុម្ភៈ។
បើតាមប្រភពព័ត៌មានក្រៅផ្លូវការ នាវាមុជទឹក USS Mississippi នឹងចូលរួមក្នុងសមយុទ្ធ ជាមួយយោធាកូរ៉េខាងត្បូង ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសនេះ។ នាវាមុជទឹកនេះ មានទម្ងន់ប្រហែល ៧០០០តោន និងផ្តល់ការគាំទ្រក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនៅលើផ្ទៃដី និងប្រឆាំងនាវាមុជទឹក៕