(ភ្នំពេញ)៖ នៅចំពោះមុខមេដឹកនាំអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានលើកឡើងថា អាស៊ាន គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៉ីហ្វិករបស់រដ្ឋបាលលោក។
លោកថ្លែងបែបនេះ ក្នុងឱកាសធ្វើជាសហប្រធានជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ (10th ASEAN-U.S. Summit) រៀបចំដោយកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ទីដែលកម្ពុជាធ្វើម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
លោក ចូ បៃឌិន បានបញ្ជាក់យ៉ាងដូច្នេះថា «អាស៊ាន គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៉ីហ្វិករបស់រដ្ឋបាលខ្ញុំ ហើយអាមេរិកកំពុងតែធ្វើសកម្មភាព មិនមែនគ្រាន់តែជាវោហាសាស្ត្រប៉ុណ្ណោះទេ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មីមួយ»។
លោកបន្តថា ទាំងអស់គ្នា យើងនឹងដោះស្រាយបញ្ហាដ៏ធំបំផុតនៃពេលវេលារបស់យើង ចាប់ពីអាកាសធាតុ រហូតដល់សន្តិសុខ សុខភាព ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងយ៉ាងសំខាន់ ដោយផ្អែកលើបទដ្ឋានគតិយុត្តដែលមាន។ យើងនឹងកសាងឥណ្ឌូប៉ាស៉ីហ្វិកដែលមានលក្ខណៈសេរី និងបើកចំហ មានស្ថិរភាព និងវិបុលភាព ធន់ និងសុវត្ថិភាព។
គិតត្រឹមឆ្នាំ២០២២ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៥ឆ្នាំហើយ។ តាមគេហទំព័ររបស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់។
សហរដ្ឋអាមេរិក និងអាស៊ាន ទទួលបានផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មនិងពាណិជ្ជកម្មដ៏ទូលំទូលាយ។ អាស៊ានតំណាងឱ្យទីផ្សារធំជាងគេទី៤ របស់ពិភពលោក ហើយសហរដ្ឋអាមេរិក គឺជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈដែលពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ប្រតិបត្តិការក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ អ្នកដំណើរអាមេរិកចំនួន ៦៣០,០០០នាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍។
សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ មេដឹកនាំកំពូលអាស៊ាន-អាមេរិក បានប្រកាសក្លាយជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ។ នេះបើតាម លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២៕