នាយករដ្ឋមន្រ្តីកាណាដា វាយតម្លៃខ្ពស់ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៊ី លើប្រទេស អ៊ុយក្រែន និងវិធានការដើម្បីជួយមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ (Video inside)
12-11-2022 23:47
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា។
ក្នុងជំនួបនោះលោក ចាស្ទីន ទ្រូដូ បានថ្លែងគោរពអំណរគុណជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការទទួល និងអញ្ជើញលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងសូមគោរពវាយតម្លៃខ្ពស់ចំពោះវិធានការ ដែលសម្ដេចតេជោ ប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ី លើប្រទេស អ៊ុយក្រែន និងវិធានការដើម្បីជួយមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។
លោក ទ្រូឌូ បានគូបញ្ជាក់ថា អាស៊ាន និងកាណាដា រួមទាំងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម។
សម្ដេចតេជោបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាបជូនលោក ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន លើការដោះមីនផងដែរ៕