(ភ្នំពេញ)៖ លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា ប្រទេសជប៉ុននឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ។

កម្ពុជា-ជប៉ុន មានគម្រោងដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា នាឆ្នាំក្រោយ។

ថ្លែងក្នុងឱកាស សន្និសីទកាសែតរួមជប៉ុន-កម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា «ប្រទេសជប៉ុននឹងយកឱកាសនេះដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកាន់តែរីក ចម្រើនបន្ថែមទៀត»។

លោកបានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានសក្ដានុពលយ៉ាងធំធេង។ លោកបន្តថា កិច្ចសហប្រតិបត្តិការរបស់យើងមាន មិនត្រឹមតែក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ក្នុងកិច្ចប្រជុំកំពូលនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងលោកក៏បានពិភាក្សាអំពីបញ្ហានានាក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ។ ប្រទេសយើងទាំងពីរមានគោលជំហររួមគ្នា គឺមិនទទួលស្គាល់នូវ ការផ្លាស់ប្តូរស្ថានភាពដោយកម្លាំងឯកតោភាគី ហើយក៏ផ្សព្វផ្សាយគោលជំហរនេះជាមួយគ្នា។ ជាពិសេស ចំពោះការគំរាមកំហែងដែលប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនរបស់រុស្ស៉ី យើងគួរបន្ត អះអាងពីការប្ដេជ្ញាយ៉ាងមុតមាំថា មិនអាចទទួលយកបានទាំងការប្រើអាវុធនុយក្លេអ៊ែរ និងការ គំរាមកំហែង។ លើសពីនេះ ក្នុងវិស័យបោសសម្អាតមីនដែលប្រទេសជប៉ុនបានសហការយូរឆ្នាំ មកហើយនោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគ្រោងនឹងចូលរួមចំណែកក្នុងកម្មវិធី ហ្វឹកហ្វឺនការប្រើប្រាស់ម៉ាស៊ីនរាវមីនសម្រាប់ប្រទេសអ៊ុយក្រែនជាមួយអង្គការJICA។ នេះគឺជា សារដ៏មានអត្ថន័យយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ។

លោកបានបន្ថែមទៀតថា ប្រទេសយើងទាំងពីរ នឹងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនង ការទូតរវាងជប៉ុន និងកម្ពុជានៅឆ្នាំក្រោយ។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរបស់យើងនឹង ពង្រីកទៅកាន់វិស័យជាច្រើនថែមទៀតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រជា ជននៃប្រទេសយើងទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងកាន់តែរស់រវើកថែមទៀត៕