(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វត្តមានមេដឹកនាំអាស៊ាន និងពិភពលោក នៅកម្ពុជានាពេលនេះ បង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដែលធានាថាប្រជាជនយើង អាចរស់រានក្នុងពិភពលោកមួយដោយសុខដុមរមនា និងសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីលៀងសោយភោជន៍ ជូនមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកដទៃទៀត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចបានថ្លែងដូច្នេះថា៖ «វត្តមានយើងទាំងអស់គ្នានៅក្នុងកម្មវិធីនាល្ងាចនេះ បានបង្ហញអំពីទិដ្ឋភាពពិត នៃស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះរបស់យើង ក្នុងការធានាថាប្រជាជនយើងទាំងអស់ អាចរស់រានបាន នៅក្នុងពិភពលោកមួយប្រកបដោយសុខដុមរមនា សុខសន្តិភាព សុវត្ថិភាព និងវិបុលភាព»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានមោទនភាព ក្នុងការធ្វើជាប្រធានអាស៊ានលើកទី៣ នាពេលនេះ ហើយបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រភាពជាប្រធានអាស៊ាននេះរបស់មេដឹកនាំនានាកន្លងមក។
សម្តេចបានបន្តថា កម្ពុជា មានមោទនភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការទទួលតួនាទីជាប្រធានអាស៊ាន ជាលើកទី៣នេះ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា យើងបានពូនជ្រំតាមរយៈដំណោះស្រាយរួមរបស់យើង សម្រាប់បញ្ហាប្រឈមនៅក្នុងតំបន់ និងពង្រឹងការចូលរួមចំណែករបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់ និងពិភពលោក។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕