(ភ្នំពេញ)៖ កម្ពុជានៅតែទាមទារភាពយុត្តិធម៌ពីបណ្ដាប្រទេស ក៏ដូចជាអ្នកដែលបានចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ពីព្រោះកម្ពុជាបានបង្ហាញភាពស្អាតស្អំ តម្លាភាព សច្ចភាពជូនសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិមួយចំនួនរួចមកហើយថា គ្មានវត្តមានកងទ័ពចិនណាមួយត្រូវបានលាក់បាំងនៅទីនោះឡើយ។

ក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី២ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត គង់ ភោគ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានទទួលសំណួរពីអ្នកព័ត៌មានពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់សេតវិមាន ដែលរំលេចនូវការព្រួយបារម្ភចំពោះវត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ នាឱកាសជំនួបទ្វេភាគីរវាងលោកប្រធានាធិបតី ចូ បៃដិន ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក គង់ ភោគ បានបកស្រាយថា កម្ពុជាបានផ្ដល់ចម្លើយជាច្រើនសាមកហើយជុំវិញការចោទប្រកាន់ និងការមន្ទិលសង្ស័យជុំវិញបញ្ហានេះ។ កម្ពុជាមិនបានលាក់បាំងកងទ័ពចិននោះឡើយនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាមនោះ។ កម្ពុជាថែមទាំងបានអនុញ្ញាតឱ្យសេនាអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក និងតំណាងស្ថានទូតអូស្ត្រាលីចូលទៅពិនិត្យមើលនៅទីតាំងនោះថែមទៀត។

លោកបានបញ្ជាក់ថា ទាំងនេះគឺជាការបង្ហាញនូវភាពស្មោះត្រង់ និងតម្លាភាពទៅកាន់មិត្តបរទេស ក៏ដូចជាដៃគូអន្តរជាតិនានា ដើម្បីជម្រះនូវមន្ទិលសង្ស័យទាំងឡាយ។ អ្វីដែលកម្ពុជាចង់បានត្រលប់មកវិញ គឺការផ្ដល់យុត្តិធម៌ និងសច្ចភាព។

លោក គង់ ភោគ បានថ្លែងយ៉ាងដូច្នេះថា «ការអនុញ្ញាតឱ្យបរទេសទៅមើលទីតាំងទ័ពរបស់ខ្លួនបែបនេះ មិនមានទេសម្រាប់ប្រទេសផ្សេងទៀត ព្រោះជាអធិបតេយ្យ និងឯករាជភាពរបស់ប្រទេសមួយ ប៉ុន្តែដើម្បីបង្ហាញ ភាពស្មោះត្រង់និងតម្លាភាពរបស់យើង (កម្ពុជា) គឺយើងមិនខ្លាចនឹងធ្វើរឿងនេះឡើយ ដូច្នេះយើងសង្ឃឹមថាដៃគូរបស់យើងក៏ផ្ដល់សច្ចភាពឱ្យយើងវិញដែរ»

លោកបានបន្តទៀតថា រាល់ទឡ្ហីករណ៍ដែលកម្ពុជាបានដាក់ចេញ ហើយការអនុញ្ញាតឱ្យដៃគូបរទេសទៅអង្កេតមើលដោយផ្ទាល់នៅទីតាំងនោះ វាគួរតែគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីវាយតម្លៃ ដោយយុត្តិធម៌សម្រាប់កម្ពុជាដែលជាអ្នករងការចោទប្រកាន់ ជាអ្នករងគ្រោះ។

លោក គង់ ភោគ បានបញ្ជាក់ជាថ្មីទៀតថា ផ្អែកទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺកម្ពុជាមិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួននោះទេ ហើយក៏មិនមានភាពចាំបាច់ធ្វើដូច្នោះដែរ។ កម្ពុជាមិនដែលចាប់ផ្ដើមសង្គ្រាមជាមួយប្រទេសណាឡើយ មានតែព្យាយាមលើកតម្កើងនូវសន្តិភាព និងបញ្ជូនទ័ពរបស់ខ្លួនទៅជួយថែរក្សាសន្តិភាព ការពារសន្តិសុខនៅក្រៅប្រទេសថែមទៀត។

លោកបានពន្យល់ថា ជាកិច្ចការចាំបាច់របស់កងទ័ព គឺតែងមានការរៀបចំពង្រឹងសមត្ថភាពកងទ័ព ដើម្បីពង្រឹងការពារសន្តិសុខ ការសង្គ្រោះនៅតាមសមុទ្រ ក៏ដូចជាការធ្វើការងារមនុស្សធម៌នៅសមុទ្រផងដែរ៕