(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំកំពូលអាស៊ាន-អាមេរិក បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ខណៈទំនាក់ទំនងអាស៊ាន-ឥណ្ឌា ក៏ត្រូវបានដំឡើងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយដូចគ្នានេះដែរ។ នេះបើតាម លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធភាព នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ លោក គង់ ភោគ បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីមានការតម្លើងភាពជាដៃគូមួយនេះ មានភាពចាំបាច់សម្រាប់ប្រទេសសមាជិកអាស៊ាន ក៏ដូចជាសហរដ្ឋអាមេរិក ដើម្បីធ្វើការស្វែងរកថា ផ្នែកណាខ្លះដែលជាការងារអាទិភាពដែលត្រូវបញ្ចូលក្នុងភាពជាដៃគូថ្មីមួយនេះ។

អ្នកនាំពាក្យផ្លូវការរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃដិន បានប្រកាសហើយពីការបង្កើតភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ដូច្នេះបន្ទាប់ពីមានការដំឡើងភាពជាដៃគូមួយនេះ មានភាពចាំបាច់សម្រាប់ប្រទេសសមាជិកអាស៊ាន ក៏ដូចជាសហរដ្ឋអាមេរិក ដើម្បីធ្វើការស្វែងរកថា តើផ្នែកណាខ្លះដែលជាការងារអាទិភាពដែលត្រូវបញ្ចូលក្នុងភាពជាដៃគូថ្មីមួយនេះ»

បើតាមលោក គង់ ភោគ, ប្រសិនបើយើងមើលអំពីទំនាក់ទំនងរវាងអាស៊ាន សហរដ្ឋអាមេរិក គឺមានភាពគ្រប់ជ្រុងជ្រោយរួចទៅហើយ បានន័យថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសសមាជិកអាស៊ានបានសហការជាច្រើន វិស័យទាំងផ្នែកសេដ្ឋកិច្ច សន្ដិសុខ សង្្គម វប​្បធម៌ជាដើម។

លោកសង្ឃឹមយ៉ាងជឿជាក់ថា បន្ទាប់ពីបង្កើតឲ្យភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះហើយ សហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ាន នឹងអាចពង្រឹងភាពជាដៃគូគ្នានេះ ឲ្យរឹតតែស៉ីជម្រៅ រឹតតែទូលំទូលាយ ជាពិសេសទៅលើផ្នែកទាំងឡាយ ដែលជាអាទិភាពសំខាន់សម្រាប់តំបន់ ក្នុងនោះរួមាន សេដ្ឋកិច្ចឌីជីថល, ការប្រឹងប្រែងរួមគ្នារវាងបណ្ដាសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

យ៉ាងណាមិញ លោក គង់ ភោគ បានគូសបញ្ជាក់បន្ថែមថា អ្វីដែលមើលឃើញថា ជាកិច្ចសហការដែលបង្កើតឲ្យមានផ្លែផ្កាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ គឺការសហការគ្នារវាងប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយបន្ទាប់ពីការតម្លើងនេះហើយ ផ្នែកផ្សេងទៀត វិស័យផ្សេងទៀត ក៏នឹងអាចជាកត្តាយកមកពិចារណាសម្រាប់ពង្រឹងទំនាក់ទំនងបណ្ដាប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបថា គំនិតផ្ដួចផ្ដើម ក្នុងការតម្លើងកម្រិតទំនាក់ទំនងរវាងអាស៊ាន-អាមេរិកនេះ គឺកើតឡើងនៅក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ធ្វើជាសហប្រធានដឹកនាំកចិ្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់បានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឲ្យកាន់តែទូលំទូលាយថែមទៀតដែលមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគមន៍ អន្តរជាតិ។ ទំនាក់ទំនងទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ដោយឡែក ក្រៅពីអាស៊ាន-អាមេរិកនោះ លោក គង់ ភោគ ក៏បានបញ្ជាក់អំពីការដំឡើងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រាយនេះ រវាងអាស៊ាន-ឥណ្ឌាផងដែរ។

លោក គង់ ភោគ បានអះអាងទៀតថា «ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានសម្ដែងការពេញចិត្តចំពោះភាពជឿនលឿននៃទំនាក់ទំនងកិច្ចសន្ទានអាស៊ាន-ឥណ្ឌា ជាពិសេសការតម្លើងកម្រិតទំនាក់ទំនងអាស៊ាន-ឥណ្ឌា ជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំអាស៊ាន-ឥណ្ឌា បានអនុម័តលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា»

លោកបន្ថែមទៀតថា កិច្ចប្រជុំអាស៊ាន-ឥណ្ឌា ក៏បានស្វាគមន៍ចំពោះការចាប់ផ្ដើមដំណើរការចរចារលើការពិនិត្យឡើងវិញ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ដែលអាចបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំក៏បានផ្លាស់ប្ដូរទស្សនគ្នាលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជាការតភ្ជាប់រូបវ័ន្ដ និងឌីជីថល, ពាណិជ្ជកម្មជាដើម៕