(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នឹងធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ ស្តីពីលទ្ធផលប្រជុំសំខាន់ៗចំនួន១១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ ។

លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ាន ក៏បានចេញផ្សាយសៀវភៅដែលមានចំណងជើងថា «កិច្ចសហប្រតិបត្តិការអាស៊ានបូក-បី ១៩៩៧-២០២២ ក្នុងឱកាសខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក-បី» ដែលបង្ហាញពីសមិទ្ធផលធំធេងនៃកិច្ចសហប្រតិបត្តិការមួយក្នុងក្របខ័ណ្ឌរវាងប្រទេសទាំង១៣។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបង្ហើបយ៉ាងដូច្នេះថា៖ «នៅថ្ងៃស្អែក តាមគម្រោងនៅពេលរសៀលសម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទព័ត៌មាន នៅវេលាម៉ោង៣៖៤០នាទី ពីលទ្ធផលសំខាន់ៗដែលកើតចេញពីកិច្ចប្រជុំទាំងអស់១១ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលរៀបចំនៅរាជធានីភ្នំពេញ»

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕