(សៀមរាប)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរពេទ្យកុមារអង្គរ បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី៦ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ «បច្ចុប្បន្នភាពជំងឺកុមារ៣» ដែលរៀបចំឡើងនៅសណ្ឋាគារ សុខា សៀមរាប និងតាមអនឡាញផងដែរ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងក្នុងសន្និសីទប្រចាំឆ្នាំលើកទី៦ថា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប សហការជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្នមានអាយុកាល២៤ឆ្នាំ សម្រាប់ការដំណើតការមន្ទីរពេទ្យកុមារអង្គរ ក្នុងគោលបំណងផ្តល់ការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃ ដើម្បីចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗ ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ខេត្តសៀមរាប។
ជារៀងរាល់ថ្ងៃកុមារប្រមាណ ៥០០នាក់ ត្រូវបានមកទទួលការព្យាបាលនៅមន្ទីរកុមារអង្គរ និងចាប់តាំងពីមន្ទីរពេទ្យកុមារអង្គរបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ បានទទួលការព្យាបាលកុមារកម្ពុជាប្រមាណច្រើនជាង ២.៥លានករណី។
លោកវេជ្ជបណ្ឌិតបន្តថា មន្ទីរពេទ្យកុមារអង្គរបានចាប់ផ្ដើមរៀបចំសន្តិសិទប្រចាំឆ្នាំរបស់ខ្លួនជាលើកទី១ ចាប់ពីឆ្នាំ២០១៧ ដែលក្នុងឆ្នាំ២០២២ គឺរៀបចំបាន៦លើកហើយ។ សន្និសីទក្នុងថ្ងៃនេះ គឺដើម្បី ចែករំលែកបទពិសោធន៍ ទាក់ទងនឹងសារៈសំខាន់នៃការធ្វើតេស្តមីក្រូជីវសាស្ត្រអោយបានទាន់ពេលវេលា និងត្រឹមត្រូវ ដើម្បីធានាបាននូវការចេញវេជ្ជបញ្ជានៃថ្នាំអង់ទីបីយោទិក និងថ្នាំដទៃទៀតបានសមស្របក្នុងការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងជំងឺ និងជួយកាត់បន្ថយអត្រាមរណភាពទារក នឹងកុមារនៅកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស ប្រធានសន្និសីទប្រចាំឆ្នាំលើកទី៦ របស់មន្ទីរពេទ្យកុមារអង្គរ បានលើកថា «បច្ចុប្បន្នភាពជំងឺកុមារ៣» ដែលមានប្រធានបទសំខាន់ៗជាច្រើន ក្នុងនោះ ប្រធានបទដែលមាន សារៈសំខាន់ជាងគេ គឺការវិភាគទៅលើមីក្រូសាស្រ្ត ដែលប្រើប្រាស់នូវមន្ទីរពិសោធន៍ពិសេសមួយរកមើលមេរោគ ថាតើកុមារទាំងអស់នឹងមានជំងឺប្រភេទនេះ ត្រូវការថ្នាំប្រភេទនេះព្យាបាលត្រូវ ឬក៏អត់។
ដូច្នេះហើយត្រូវប្រើប្រាស់ថ្នាំឱ្យបានត្រូវនឹងប្រភេទនៃជំងឺ ដើម្បីឱ្យកុមារឆាប់បានជាសះស្បើយ និងកាត់បន្ថយការភាពស៊ាំរបស់ជំងឺទៅនឹងថ្នាំផ្សះទាំងអស់នោះ។ ហើយក៏មានការចែករំលែកបទពិសោធន៍ទៅលើការព្យាបាលកុមារ និងទារកខាន់លឿង ថាតើការព្យាបាលទារកខាន់លឿងបែបណា និងតាមរយៈអ្វីខ្លះ ដើម្បីព្យាបាលបានល្អកាត់បន្ថយការមរណទារកទើបនឹងកើត ជាពិសេសទារកខាន់លឿងអាចឱ្យទារកពិការភាព និងការចែករំលែកបទ ពិសោធន៍ទៅលើទារកដែលមានការហូរឈាមក្នុងខួរក្បាលនៅពេលកើតដំបូង ដែលចែករំលែកបទពិសោធន៍រយៈពេល៥ឆ្នាំចុងក្រោយមកនេះ ចំពោះទារកដែលមានការហូរឈាមក្នុងខួរក្បាលមានផលលំបាកបែបណាខ្លះ និងជួយគាត់បានប៉ុន្មានខ្លះ។ ដោយឡែក ទាក់ទងទៅនឹងកុមារធំៗ មន្ទីរពេទ្យផ្តោតទៅលើជំងឺធ្ងន់ៗដែលសម្រាកព្យាបាលនៅសង្គ្រោះបន្ទាន់ និងអាគារធ្ងន់ធ្ងរនោះជំងឺផ្សិត ដោយសង្កេតទៅលើកកុមារដែលមានជំងឺធ្ងន់ហើយសម្រាកព្យាបាលយូរអាចប្រឈមនឹងឆ្លងជំងឺផ្សិត។
ជាមួយនេះដែរ លោកមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលបានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី ៦ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ «បច្ចុប្បន្នភាពជំងឺកុមារ៣» ការធ្វើសន្និសីទនេះ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងទៅនឹងការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ ព្រមទាំងចូលរួមចំណែកក្នុងការព្យបាលនឹងកាត់បន្ថយអត្រាឈឺ និងអត្រាមរណភាណភាពរបស់ទារក និងកុមារកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាអទិភាពរបស់ក្រសួងសុខាភិបាលផងដែរ៕