(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន-កាណាដា នៅម៉ោង ៦៖២០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា (ASEAN - Canada Commemorative Summit) ដែលរៀបចំឡើងដោយកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ទីដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន ២រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន និងលោក ចាស់ស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ ប្រ ទេសប្រ៊ុយណេ ដា រូ សាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៉ី។ ដោយឡែក ប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កាណាដា (ACECA) ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។

នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លានដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ស្តីពីទិដ្ឋភាពទូទៅនៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ចេញផ្សាយដោយអាស៊ាន កាលពីខែតុលា ឆ្នាំ២០២១៕