(ភ្នំពេញ)៖ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរយានយន្ត ស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ត្រូវបានបើកដាក់ឲ្យដំណើរការជាផ្លូវការ ហើយនៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ជាមួយការសាទរខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ពិធីដាក់ឲ្យដំណើរការមណ្ឌលប្តូរ និង ពន្យារប ណ្ណបើកបរនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងជាច្រើនរូបទៀត។
មណ្ឌល ប្តូរ និងពន្យារ បណ្ណបើកបរយានយន្តនេះ ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់សេវាសាធារណៈឲ្យមានភាពងាយស្រួល និងឆាប់ រហ័ស ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយលើសេវាប្តូរ ឬ ពន្យារបណ្ណបើកបរយានយន្ត សម្រាប់ប្រជាជនកម្ពុជាមកពី២៥ រាជធាន-ខេត្ត។
មណ្ឌលនេះនឹងចាប់ផ្តើមដំណើរការផ្តល់សេវាប្តូរ និងពន្យារ បណ្ណបើកបរយានយន្តគ្រប់ប្រភេទ ជូនសាធារណជន ចាប់ពីម៉ោង០៩ព្រឹក ដល់ ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។ សូមបញ្ជាក់ថា ការប្តូរ និងពន្យារបណ្ណបើកបរនេះ សម្រាប់បណ្ណបើករថយន្តតម្លៃសេវា ៣០០០០រៀល រីឯ ទោចក្រយានយន្តតម្លៃ ២០០០០រៀល។
សាធារណជន អាចទាញយកពាក្យស្នើសុំប្តូរ ឬ ពន្យារបណ្ណបើកបរបានពីទំព័រ Facebook របស់ក្រសួង www.facebook.com/mpwt .gov.kh ឬ តាមរយៈគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន www.mpwt.gov.kh៕