(ភ្នំពេញ)៖ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងជំនួបពិភាក្សាទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Anthony Albanese ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឱ្យដោះលែងសាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី Sean Turnell ផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងលោក Anthony Albanese ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀតដែលជាកង្វល់រួមផងដែរ។

បន្ថែមពីនេះ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានចែករំលែកសេចក្តីសោមន្សរីករាយក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្ដ្រាលី។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សូមជម្រាបថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ប្រមុខដឹកនាំអាស៊ានទាំងអស់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានវាយតម្លៃ និងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច របស់មីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន បានបញ្ជាក់ជាថ្មីថា មីយ៉ានម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន ហើយបានបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ កន្លងមក។

មេដឹកនាំអាស៊ាន យល់ឃើញថា ស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរនោះ អាស៊ានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។ ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច កងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន៕