(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសវនាការជាមួយ លោក JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ នៅរាជធានីភ្នំពេញ។
ក្នុងនាមព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញសេចក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក JAGDEEP DHANKHAR និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងទៀតថា ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា របស់គណៈប្រតិភូឥណ្ឌា បានឆ្លុះបញ្ចាំងពីការគាំទ្រតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និងទំនាក់ទំនងដ៏ជិតស្និទ្ធនៃភាពជាដៃគូអាស៊ាន-ឥណ្ឌា ព្រមទាំងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរផងដែរ៕