(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ។ វត្តមានរបស់លោកនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន, កំពូលអាស៊ានបូក៣, កំពូលអាស៊ីបូព៌ា។

តាមការគ្រោងវត្តមាននៅកម្ពុជានាពេលនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោកក៏នឹងមានជំនួបត្រីភាពគី ជាមួយប្រធានាធិបតីអាមេរិក និងប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ។

កម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងនេះ នឹងមានអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជា និងជប៉ុន បានដំឡើងកម្រិតទំនាក់ទំនង ពីកម្រិតធម្មតា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទំនាក់ទំនងកម្រិតខ្ពស់នៅខែធ្នូ ឆ្នាំ២០១៣។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជប៉ុន បានបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដោយទទួលបន្ទុកខេត្តចំនួន៥ រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។

ផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើរនេះ កម្ពុជា និងជប៉ុន ក៏បានជំរុញការវិនិយោគ និងពាណិជ្ជកម្មក្នុងកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។ ដោយឡែកទំនិញដែលកម្ពុជានាំពីជប៉ុនមានដូចជា៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម។

សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត ៣ពាន់លានដុល្លារអាមេរិក៕