(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានគូសរំលេចថា អាស៊ាន-ជប៉ុន គឺជាដៃគូមួយដ៏សំខាន់ រឹងមាំ និងយូរអង្វែង។
ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពដៃគូចេញពីបេះដូងរវាងអាស៊ាន និងជប៉ុន រយៈពេលជិត៥ទសវត្សរ៍ កន្លងមកនេះ បាននាំមកនូវភាពជោគជ័យយ៉ាងធំធេង និងដ៏ត្រជះត្រចង់លើគ្រប់វិស័យ ដែលបានចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៃតំបន់ទាំងពីរ។
ជាមួយសមិទ្ធផលទាំងនេះ សម្តេចតេជោ បានប្រកាសស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តន៍ ការកែសម្រួល ការអនុវត្តន៍សេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ។
សម្តេចតេជោប្រធានអាស៊ាន ក៏បានឱ្យដឹងផងដែរថា នៅឆ្នាំ២០២៣ ដែលជាឆ្នាំខួប៥០ឆ្នាំនោះ អាស៊ាន-ជប៉ុន នឹងបើកកិច្ចប្រជុំកំពូលរំលឹកខួប នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលរៀបចំឡើងនៅទីក្រុងតូក្យូ។
សម្តេចតេជោចាត់ទុកព្រឹត្តិការណ៍នេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន។
សូមបញ្ជាក់ថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។
តាំងពីនោះមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។
ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បេសកកម្មជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។
បើយោងតាមទិន្នន័យអាស៊ាន សម្រាប់ឆ្នាំ២០២១ បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះធ្វើឲ្យប្រទេសជប៉ុនជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់អាស៊ាន ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ក្នុងឆ្នាំ២០២១ដូចគ្នា៕