(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP ។
លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា UN ESCAP នឹងជួយគាំទ្រ និងសហការជាមួយអាជ្ញាធរមីន ក្នុងការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងរៀបចំវេទិកាជាតិអន្តរជាតិសំខាន់ៗ ពាក់ព័ន្ធនឹងសកម្មភាពមីននាពេលខាងមុខនេះ ជាពិសេសកិច្ចសហប្រតិបត្តិការសកម្មភាពមីន នឹងត្រូវបានលើកឡើង និងដាក់បញ្ចូលក្នុងរបៀបវារៈនៃអង្គសន្និបាតនៅឆ្នាំក្រោយ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UNESCAP និងបានថ្លែងអំណរគុណ UNESCAP ចំពោះការគាំទ្រលើការងារបច្ចេកទេស ដល់សកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់កំណត់ជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៕