(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យបន្ដផ្ដល់ជំនួយលើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចនូវគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។
សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក Anthony Albanese នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញមកចូលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ បានស្នើដល់អូស្ត្រាលីឲ្យបន្តផ្តល់ជំនួយ លើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។
បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្ដាលី សម្រាប់ការរួមចំណែកដល់ដំណើរការកសាងសន្តិភាព និងការបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប្រមាណ ជិត៣លានដូស និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត យ៉ាងទាន់ពេលវេលា។
សូមជម្រាបថា សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ប្រទេសអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលបានបរិច្ចាគថវិកាប្រមាណជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ ដែលទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី រួមជាមួយម្ចាស់ជំនួយផ្សេងទៀត បានចូលរួមជួយសង្រ្គោះដល់អាយុជីវិតប្រជាជនកម្ពុជាជាច្រើន កាត់បន្ថយចំនួនពិការភាព និងកាត់បន្ថយផ្ទៃដីមានការគម្រាមកំហែងដោយសារមីន៕