(ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្ត នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ៣,០០០នាក់ នៅក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជន ស ស យ ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង។
ជាក់ស្តែងនៅថ្ងៃនេះ តាមរយៈការយកចិត្តទុកដាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានឲ្យក្រុមការងារនិងកម្លាំងស្ម័គ្រចិត្ត នៃសមាគមចុះមកព្យាបាលជូនប្រជាពលរដ្ឋឥតគិតថ្លៃប្រកបដោយទឹកចិត្តម្នាក់សិកាវិជ្ជាជីវៈ ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។
លើសពីនេះ ប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរចំនួន ២៦ នាក់ទៅបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕