(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បើកសម្ពោធមហោស្រពវប្បធម៌អាស៊ាន២០២២ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីភាព លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត។
គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ាន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងអបអរសាទរខួប៧០ឆ្នាំនៃកាបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា។
ក្រោមកិច្ចសហការរវាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានរៀបចំតាំងបង្ហាញពិព័រណ៍រូបគំនូរចំនួន១៦ផ្ទាំង។ គំនូរទាំង១៦ផ្ទាំងនេះជាស្នាដៃរបស់វិចិត្រករ ដែលជ្រើសរើសចេញពីប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមានដូចជា៖ កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាលេស៊ី ព្រុយនេ ដោយចំណាយរយៈពេលគូរចំនួន១០ថ្ងៃ នៅក្នុងប្រទេសឥណ្ឌា។ ប្រធានបទនៃរូបគំនូរ គឺសមុទ្រនៃការទំនាក់ទំនង។
រូបគំនូរទាំង១៦ផ្ទាំង ដែលគូរដោយវិចិត្រករឥណ្ឌា និងវិចិត្រករមកពីបណ្តាប្រទេសអាស៊ានខាងលើ ត្រូវបានដាក់តាំងបង្ហាញជាមួយ «ពិព័រណ៍ក្តីសុបិនកម្ពុជា» រៀបចំឡើងដោយបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួបព្រះប្រសូត្រ ១០០ព្រះវស្សា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២កន្លងមក៕