(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (FinTech Stage of Cambodia Tech Expo 2022) ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ អមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនធានារ៉ាប់រង, សមាគម, ក្រុមហ៊ុន FinTech និងធុរកិច្ចថ្មី ព្រមទាំងសាធារណជនដែលបានចូលរួមដោយផ្ទាល់ និងទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម។
លោក វង្សី វិស្សុត មានប្រសាសន៍ថា វេទិកានេះ មានគោលបំណងផ្តល់ការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការពិភាក្សា និងការផ្លាស់ប្តូរយោបល់ ចំណេះដឹង និងបទពិសោធ ដោយឈរលើ និន្នាការថ្មីៗ នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីប្រមូលនូវធាតុចូលល្អៗ និងជាក់លាក់បន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងពន្លឿនការអភិវឌ្ឍន៍ FinTech ដោយឈរលើគោលការណ៍ស្នូលចំនួនបី៖ (១).ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ (២).ការធានាស្ថិរភាពហិរញ្ញវត្ថុ និង (៣).ការបណ្តុះនូវនវានុវត្តហិរញ្ញវត្ថុថ្មីៗ។ ជារួម គោលនយោបាយនេះ ផ្អែកលើទស្សនទាន “ការទាញយកអត្ថប្រយោជន៍ជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់ ឬផលប៉ះពាល់អវិជ្ជមាន ពីបច្ចេកវិទ្យាឌីជីថល”។
លោក វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថលនេះ, បច្ចេកវិទ្យាឌីជីថលបានរីកចម្រើនលូតលាស់យ៉ាងលឿនឆាប់រហ័ស និងបានក្លាយជាកត្តាគន្លឹះសម្រាប់ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា និងពឹងពាក់គ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋាននេះ យើងអាចសង្កេតមើលឃើញថា បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង សើ្ទរតែក្នុងគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ច ដូចជា៖ ឧស្សាហកម្ម, សេវាកម្ម, កសិកម្ម, និងហិរញ្ញវត្ថុ។ល។ ហើយរួមទាំងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងផងដែរ។
លោកបានបន្តថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩, វិស័យបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅកាត់ថា FinTech ត្រូវបានមើលឃើញកាន់តែច្បាស់ថាជាកម្លាំងចលករដ៏មានសក្តានុពលខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងទូទាំងពិភពលោក តាមរយៈតួនាទីសំខាន់ៗចំនួន ៤ រួមមាន៖ (១).ការបង្កើនភាពប្រកួតប្រជែង និងប្រសិទ្ធភាពនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ (២).ការបង្កើតទីផ្សារថ្មី និងការពង្រឹងទីផ្សារដែលមានស្រាប់ (៣).ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈថ្នាលឌីជីថល ដែលងាយស្រួលប្រើប្រាស់ និង (៤).ការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក៏ដូចជាធុរកិច្ចបង្កើតថ្មី (start-ups)។ ទន្ទឹមនឹងនេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត, ការទិញទំនិញតាមអនឡាញ និងការវិនិយោគនៅក្នុងក្រុមហ៊ុន FinTech នៅទូទាំងពិភពលោក រួមទាំងតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានផង មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កត្តាទាំងនេះ បាននិងកំពុងឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំសម្បើមរបស់ FinTech ក៏ដូចជាកាលានុវត្តភាពក្នុងការបន្តអភិវឌ្ឍវិស័យនេះ។ លោកក៏បានលើកឡើងផងដែរថា សម្រាប់កម្ពុជា មិនខុសពីប្រទេសដ៏ទៃទៀតក្នុងតំបន់, បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្តូរមុខមាត់នៃឧស្សាហកម្មហិរញ្ញវត្ថុទាំងមូលនៅក្នុងការផ្តល់ និងការទទួលបានសេវាកម្មហិរញ្ញវត្ថុ, ដោយបានចូលរួមយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច។
ជាងនេះទៅទៀត, ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានរួមចំណែកក្នុងការបន្តដំណើរការសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ ដូចជាការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ពិសេសការប្រើប្រាស់ប្រព័ន្ធទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកបាននិងកំពុងបន្តកើនឡើងជាលំដាប់។ ជាក់ស្តែង តាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា, ក្នុងឆ្នាំ២០២១ ចំនួននៃការធ្វើប្រតិបត្តិការទូទាត់ក្នុងទម្រង់ឌីជីថល មានរហូតទៅដល់ ៦៩៨,៨ លានប្រតិបត្តិការ ក្នុងរង្វង់ទឹកប្រាក់ ១៩៩,៧៦ ពាន់លានដុល្លារអាមេរិក។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា អនុវិស័យផ្សេងទៀត នៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏បាននិងកំពុងចាប់ផ្តើមដុះលូតលាស់ជាបណ្តើរៗ ហើយអាចនឹងមានសក្តានុពលខ្ពស់ក្នុងការទាញប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាក់ស្តែង បើក្រឡេកមើលតែវិស័យធានារ៉ាប់រង, គឺ មានបុព្វលាភដុលកើនដល់ប្រមាណ ៣០០ លានដុល្លារ ក្នុងឆ្នាំ២០២១ ដោយមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ក្រុមហ៊ុន ដែលកំពុងដំណើរការអាជីវកម្មក្នុងទីផ្សារធានារ៉ាប់រង ជាមួយនឹងទ្រព្យសកម្មប្រមាណ ៨៤៥ លានដុល្លារ និងមូលនិធិភាគហ៊ុនិកប្រមាណ ៣៧៨ លានដុល្លារ។ បន្ថែមពីនេះ វិស័យធានារ៉ាប់រងបានរួមភាគទានក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១១% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រង ១៨.៧៥ ដុល្លារ ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ២០២១។
លោកបានសង្កត់ធ្ងន់ថា កំណើននៃប្រតិបត្តិការក្នុង វិស័យធនាគារ និងវិស័យធានារ៉ាប់រង មិនធ្លាប់មានពីមុនមក ដូចបានគូសបញ្ជាក់ខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា គ្រឹះស្ថានហិរញ្ញវត្ថុណា ដែលរូតរះចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា FinTech បានលឿន និងមុនគេ គឺមិនត្រឹមតែបានប្រែក្លាយវិបត្តិឱ្យទៅជាឱកាស ក្នុងការពង្រឹង និងពង្រីកសេវារបស់ខ្លួនឱ្យកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែតែថែមទាំងកាន់តែមានសមត្ថភាព និងមានភាពធន់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗទៀតផង៕