(រតនគិរី)៖ អគាររដ្ឋបាលស្រុកអណ្តូងមាសថ្មី មានទំហ៊ុំ១៤ម៉ែត្រ គុណ២៨ម៉ែត្រ មានកម្ពស់៣ជាន់ គិតទាំងជាន់ផ្ទាល់ដី មានបន្ទប់ធ្វើការចំនួន២០បន្ទប់ និងសាលប្រជុំចំនួន២ត្រូវ បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្លែងក្នុងឱកាស នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលាស្រុកអណ្តូងមាស នាពេលនេះលោក ញ៉ែម សំអឿន បានចាត់ទុកអគាររដ្ឋបាលស្រុកអណ្តូងមាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តរតនគិរី និយាយជារួម និងសម្រាប់ស្រុកអណ្តូងមាស និយាយដោយឡែកដើម្បីឱ្យមន្ត្រីរាជការសាលាស្រុកអណ្តូងមាស អាចប្រើប្រាស់បានដោយផាសុខភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណជននានា មកទទួលសេវាផងដែរ។
លោកអភិបាលខេត្ត បានបន្តថា តាមរយៈនេះអគារថ្មីដ៏ស្រស់ស្អាតនេះ វានឹងជួយរួមចំណែកក្នុងការផ្តល់ភាពងាយស្រួលដល់មន្ត្រីអាចធ្វើការបានពេញលេញទាំងរដូវប្រាំង និងរដូវវស្សាដោយមិនមានការព្រួយបារម្ភរឿង លិចដោយសារទឹកជំនន់ដូចបណ្តាឆ្នាំកន្លងមកនោះទេ។
បន្ថែមពីនេះ លោក ញ៉ែម សំអឿន បានបញ្ជាក់ថា តាមរយៈអគារថ្មីនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់បំផុតសម្រាប់រដ្ឋបាលស្រុក។ដូច្នះក្ រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់ ការិយាល័យនៃរដ្ឋបាលស្រុកអណ្តូងមាសទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ឱ្យចំគោលដៅ ហើយត្រូវរួមគ្នាថែរក្សាសំអាត អនាម័យ ជួសជុល កែសម្រួលឱ្យបានជាប់ជាប្រចាំ ដើម្បីអាចប្រើប្រាស់យូរអង្វែង លើសពីនេះត្រូវគិតគូរលៃលក លើកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ រួមទាំងការតុបតែងលម្អទាំងក្នុង និងក្រៅបរិវេណអគារសាលាស្រុកបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការចំពោះមុខ និងធ្វើឱ្យមានបរិស្ថានល្អដោយដាំឈើហូបផ្លែនិងដើមឈើធ្វើម្លប់ក្នុងបរិវេណសាលាស្រុកផងដែរ៕