(កំពង់ធំ)៖ ប្រជាពលរដ្ឋដែលជាអតិថិជន របស់ធនាគារ «តូម៉ាតូស» បានចេញមករិះគន់ ព្រមទាំងដាក់ពាក្យបណ្តឹងទៅតុលាការទៀតផង ដោយចោទប្រកាន់ធនាគារមួយនេះ មិនបានប្រគល់ប្លង់ដីជូនគាត់វិញ បើទោះបីគាត់បានបង់លុយ ទាំងដើម ទាំងការ ដែលខ្លួនជំពាក់ជូនធនាគាររួចហើយ ក៏ដោយនោះ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៊ុន ថុន រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះថា កាលពី២១ ខែកក្កដា ឆ្នាំ២០០៩ លោកបានយកប្លង់ដី២កន្លែង ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ទៅដាក់នៅធនាគារឯកទេស ប៊េស ដែលបច្ចុប្បន្នជាធនាគារ «តូម៉ាតូស» ដោយប្លង់មួយ សុំខ្ចីចំនួន១មឺុនដុល្លារ ដោយបង់រំលោះរយ:ពេល២០ខែ រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ លោកបានយកលុយដែលជំពាក់ ទាំងដើម ទាំងថ្លៃការចំនួន៩៧៣០ដុល្លារ ទៅបង់ឲ្យធនាគារវិញ។
លោក ប៊ុន ថន បានបន្តទៀតថា ពេលសងលុយជូនធនាគារវិញនោះ បុគ្គលិកដែលជាអ្នកទទួលលុយបានប្រាប់ថា ៣ថ្ងៃទៀត ខាងធនាគារនឹងផ្តល់ប្លង់ជូនលោកវិញ ពីព្រោះមេរបស់គេមិននៅ ប៉ុន្តែដល់ថ្ងៃកំណត់ ធនាគារនៅតែមិនទាន់ផ្តល់ប្លង់មកទៀត រហូតមកដល់ពេលនេះ (១៥ មិថុនា ២០១៦) ក៏ខាងធនាគារមិនទាន់ផ្តល់ប្លង់មកដែរ។
ដោយសារតែធនាគារឯកជនមួយនេះ បានបោកប្រាស់យ៉ាងដូច្នេះ លោកក៏បានសម្រេចដាក់ពាក្យបណ្តឹង ទៅកាន់តុលាការដោយចោទប្រកាន់ពីបទរំលោភ លើសេចក្តីទុកចិត្ត។ សម្រាប់ការដាក់ពាក្យបណ្តឹងនេះ លោកសូមអំពាវនាវដល់ថ្នាក់ដឹកនាំតុលាការ សូមមេត្តាចាត់វិធានការតាមច្បាប់ ព្រមទាំងអំពាវនាវដល់ធនាគារជាតិ ជួយពិនិត្យមើលធនាគារឯកជននេះផង តើបង្កបញ្ហាអ្វីខ្លះដល់អតិថិជនរបស់ខ្លួន។
សម្រាប់ការចោទប្រកាន់របស់អតិថិជនរូបនេះ អង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយ និងបំភ្លឺពីខាងធនាគារនៅឡើយទេ។
សូមបញ្ជាក់ថា ធនាគារមួយនេះ មានទីតាំងស្ថិតនៅផ្ទះលេខ៥៦ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ៕